1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2. «ចូរបង្គាប់កូនចៅអ៊ីស្រាអែល ដូចតទៅ: ពេលអ្នករាល់គ្នាចូលទៅក្នុងស្រុកកាណាន ទឹកដីដែលត្រូវបានជាចំណែកមត៌ករបស់អ្នករាល់គ្នា គឺស្រុកកាណាន មានព្រំដែនដូចតទៅ:
3. ប៉ែកខាងត្បូងគិតចាប់តាំងពីវាលរហោស្ថានស៊ីន ជាប់នឹងស្រុកអេដុមទៅ។ ព្រំដែនខាងត្បូងរបស់អ្នករាល់គ្នាលាតសន្ធឹងពីចុងសមុទ្រអំបិល ឆ្ពោះទៅខាងកើត។
4. បន្ទាប់មក ព្រំដែនរបស់អ្នករាល់គ្នាបត់ទៅខាងត្បូងផ្លូវឡើងទៅអេក្រាប៊ីម ឆ្លងកាត់វាលរហោស្ថានស៊ីន ទៅដល់ខាងត្បូងកាដេស-បារនា។ បន្ទាប់មក ព្រំដែននេះកាត់តាមហាសារ-អាដា និងអាសម៉ូន។
5. ពីអាសម៉ូន ព្រំដែនបត់ទៅរកស្ទឹងស្រុកអេស៊ីប ហើយទៅដល់សមុទ្រមេឌីទែរ៉ាណេ។
6. សមុទ្រមេឌីទែរ៉ាណេជាព្រំដែនខាងលិចរបស់អ្នករាល់គ្នា។
7. ព្រំដែនខាងជើងរបស់អ្នករាល់គ្នា លាតសន្ធឹងចាប់ពីសមុទ្រមេឌីទែរ៉ាណេ រហូតដល់ភ្នំហោរ។
8. ពីភ្នំហោរ ត្រូវកំណត់ព្រំដែនត្រឹមច្រកចូលក្រុងហាម៉ាត់ ហើយបង្ហួសទៅដល់សេដាដ។