ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 20 Khmer Standard Version (KHSV)

ប្រភព​ទឹក​នៅ​មេរី‌បា

1. សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​វាល​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ទី​មួយ ហើយ​នាំ​គ្នា​បោះ​ជំរំ​នៅ​កាដេស។ អ្នក​ស្រី​ម៉ារាម​បាន​ទទួល​មរណ‌ភាព ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ។

2. ពេល​នោះ គ្មាន​ទឹក​សម្រាប់​សហគមន៍​ទេ។ ដូច្នេះ ពួក​គេ​ក៏​លើក​គ្នា​ទៅ​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន។

3. ប្រជា‌ជន​រក​រឿង​លោក​ម៉ូសេ​ថា៖ «ប្រសិន​បើ​យើង​ខ្ញុំ​ផុត​ដង្ហើម​ជា​មួយ​បង‌ប្អូន​របស់​យើង​ខ្ញុំ ដែល​បាន​ផុត​ដង្ហើម​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នោះ​ប្រសើរ​ជាង!

4. ហេតុ​អ្វី​បាន​ជា​ពួក​លោក​នាំ​ក្រុម‌ជំនុំ​របស់​ព្រះ‌អម្ចាស់​ឲ្យ​មក​ស្លាប់ នៅ​វាល​រហោ‌ស្ថាន​នេះ ជា​មួយ​ហ្វូង​សត្វ​របស់​ពួក​យើង​ដូច្នេះ?

5. ហេតុ​អ្វី​បាន​ជា​ពួក​លោក​នាំ​ពួក​យើង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប មក​នៅ​កន្លែង​ដ៏​អាក្រក់​នេះ? ទី​នេះ​មិន​មែន​ជា​កន្លែង​ដែល​យើង​អាច​សាប​ព្រោះ​បាន​ទេ ហើយ​ក៏​គ្មាន​ដើម​ឧទុម្ពរ ដើម​ទំពាំង‌បាយជូរ និង​ដើម​ទទឹម​ដែរ។ រីឯ​ទឹក​សម្រាប់​ផឹក​ក៏​គ្មាន»។

6. លោក​ម៉ូសេ និង​លោក​អើរ៉ុន​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុម‌ជំនុំ ឆ្ពោះ​ទៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ លោក​ទាំង​ពីរ​ក្រាប​ចុះ អោន​មុខ​ដល់​ដី ហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​ឲ្យ​លោក​ទាំង​ពីរ​ឃើញ។

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

8. «ចូរ​យក​ដំបង រួច​អ្នក និង​អើរ៉ុន ជា​បង​របស់​អ្នក ប្រមូល​សហគមន៍​ឲ្យ​ជួប‌ជុំ​គ្នា។ ត្រូវ​បង្គាប់​ថ្ម‌ដា​នៅ​ចំពោះ​មុខ​ពួក​គេ នោះ​នឹង​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា។ អ្នក​ត្រូវ​ធ្វើ​ឲ្យ​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា​នោះ សម្រាប់​សហគមន៍ និង​ហ្វូង​សត្វ​ផឹក»។

9. លោក​ម៉ូសេ​យក​ដំបង​ដែល​ស្ថិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌អង្គ​បាន​បង្គាប់​លោក។

10. លោក​ម៉ូសេ និង​លោក​អើរ៉ុន កោះ​ហៅ​សហគមន៍​ឲ្យ​មក​ជួប‌ជុំ​គ្នា នៅ​មុខ​ថ្ម‌ដា។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​ជា​មនុស្ស​បះ‌បោរ​អើយ ចូរ​ស្ដាប់! តើ​ពួក​យើង​អាច​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា​នេះ​សម្រាប់​អ្នក​រាល់​គ្នា បាន ឬ​មិន​បាន?»។

11. លោក​ម៉ូសេ​លើក​ដៃ​ឡើង ហើយ​យក​ដំបង​របស់​លោក​វាយ​ថ្ម‌ដា​ពីរ​ដង ស្រាប់​តែ​មាន​ទឹក​ហូរ​ចេញ​មក​យ៉ាង​បរិបូណ៌។ សហគមន៍​ក៏​នាំ​គ្នា​ផឹក​ទឹក ហើយ​ហ្វូង​សត្វ​ក៏​ផឹក​ដែរ។

12. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «អ្នក​ទាំង​ពីរ​ពុំ​បាន​ជឿ​លើ​យើង អ្នក​ទាំង​ពីរ​ពុំ​បាន​សម្តែង​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ស្គាល់​ភាព​វិសុទ្ធ​របស់​យើង​ទេ ហេតុ​នេះ អ្នក​ទាំង​ពីរ​មិន​អាច​នាំ​ក្រុម‌ជំនុំ​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​ប្រគល់​ឲ្យ​ពួក​គេ​ឡើយ»។

13. គឺ​នៅ​ត្រង់​ទឹក​មេរី‌បា​នោះ​ហើយ ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​រក​រឿង​ព្រះ‌អម្ចាស់ ប៉ុន្តែ ព្រះ‌អង្គ​បាន​សម្តែង​ឲ្យ​ពួក​គេ​ឃើញ​ភាព​វិសុទ្ធ​របស់​ព្រះ‌អង្គ។

ស្ដេច​ស្រុក​អេដុម​មិន​ព្រម​ឲ្យ​អ៊ីស្រា‌អែល​ឆ្លង​កាត់​ទឹក​ដី​របស់​គេ

14. លោក​ម៉ូសេ​បាន​ចាត់​អ្នក​នាំ​សារ​ពី​កាដេស ទៅ​គាល់​ស្ដេច​ស្រុក​អេដុម ហើយ​ទូល​ថា៖ «សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​អ៊ីស្រា‌អែល ជា​បង‌ប្អូន​របស់​ព្រះ‌ករុណា។ ព្រះ‌ករុណា​ជ្រាប​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​បាន​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង។

15. បុព្វបុរស​របស់​យើង​ខ្ញុំ​បាន​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​យើង​ខ្ញុំ​រស់​នៅ​ក្នុង​ស្រុក​នោះ​ជា​យូរ​ឆ្នាំ។ ក៏​ប៉ុន្តែ ជន‌ជាតិ​អេស៊ីប​បាន​ធ្វើ​បាប​ពួក​យើង គឺ​ទាំង​យើង​ខ្ញុំ​ផ្ទាល់ ទាំង​បុព្វបុរស​របស់​យើង​ខ្ញុំ។

16. យើង​ខ្ញុំ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ។ ព្រះ‌អង្គ​បាន​ចាត់​ទេវតា*​មួយ​រូប ឲ្យ​មក​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីប។ ឥឡូវ​នេះ យើង​ខ្ញុំ​បាន​មក​ដល់​កាដេស ជា​ក្រុង​ដែល​នៅ​ជាប់​នឹង​ដែន​ដី​របស់​ព្រះ‌ករុណា។

17. យើង​ខ្ញុំ​សូម​អនុញ្ញាត​ឆ្លង​កាត់​ស្រុក​របស់​ព្រះ‌ករុណា តែ​យើង​ខ្ញុំ​មិន​ដើរ​កាត់​ស្រែ ឬ​ចម្ការ​ទំពាំង‌បាយជូរ​របស់​ព្រះ‌ករុណា​ទេ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទទួល​ទាន​ទឹក​ពី​អណ្ដូង​របស់​ព្រះ‌ករុណា​ដែរ គឺ​យើង​ខ្ញុំ​គ្រាន់​តែ​សុំ​ដើរ​តាម​ផ្លូវ​ធំ ដោយ​ឥត​ងាក​ទៅ​ឆ្វេង ឬ​ងាក​ទៅ​ស្ដាំ​ឡើយ រហូត​ទាល់​តែ​យើង​ខ្ញុំ​ឆ្លង​ផុត​ទឹក​ដី​របស់​ព្រះ‌ករុណា»។

18. ស្ដេច​ស្រុក​អេដុម​តប​ថា៖ «កុំ​ឆ្លង​កាត់​ទឹក​ដី​របស់​យើង​ដាច់​ខាត បើ​មិន​ដូច្នោះ​ទេ យើង​នឹង​លើក​ទ័ព​ចេញ​ទៅ​វាយ​ប្រហារ​អ្នក​រាល់​គ្នា​ជា​មិន​ខាន!»។

19. ជន‌ជាតិ​អ៊ីស្រា‌អែល​ទូល​ស្ដេច​ទៀត​ថា៖ «យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ ប្រសិន​បើ​យើង​ខ្ញុំ និង​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ផឹក​ទឹក​របស់​ព្រះ‌ករុណា នោះ​យើង​ខ្ញុំ​នឹង​បង់​ថ្លៃ។ យើង​ខ្ញុំ​មិន​ធ្វើ​អ្វី​ឡើយ យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​កាត់​ប៉ុណ្ណោះ»។

20. ស្ដេច​ស្រុក​អេដុម​តប​ថា៖ «កុំ​ឆ្លង​កាត់​ដាច់​ខាត!»។ ជន‌ជាតិ​អេដុម​លើក​ទ័ព​យ៉ាង​សន្ធឹក​សន្ធាប់ ទាំង​ប្រដាប់​អាវុធ ចេញ​ទៅ​ទប់​ជន‌ជាតិ​អ៊ីស្រា‌អែល

21. មិន​ឲ្យ​ឆ្លង​កាត់​ទឹក​ដី​របស់​ខ្លួន ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ដើរ​វាង​ទឹក​ដី​របស់​គេ។

លោក​អើរ៉ុន​ទទួល​មរណ‌ភាព

22. សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ចេញ​ដំណើរ​ពី​កាដេស ទៅ​ដល់​ភ្នំ​ហោរ។

23. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន នៅ​ភ្នំ​ហោរ ដែល​នៅ​ជាប់​នឹង​ព្រំ‌ប្រទល់​ស្រុក​អេដុម​ថា៖

24. «បន្តិច​ទៀត អើរ៉ុន​នឹង​ទៅ​ជួប‌ជុំ​ដូនតា​របស់​គាត់។ គាត់​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ ដ្បិត​អ្នក​ទាំង​ពីរ​បាន​បះ‌បោរ​នឹង​បញ្ជា​របស់​យើង នៅ​ប្រភព​ទឹក​មេរី‌បា។

25. ចូរ​នាំ​អើរ៉ុន និង​អេឡាសារ ជា​កូន​ប្រុស​របស់​គាត់ ឡើង​ទៅ​លើ​ភ្នំ​ហោរ។

26. នៅ​ទី​នោះ ចូរ​ដោះ​សម្លៀក‌បំពាក់​ចេញ​ពី​អើរ៉ុន រួច​ពាក់​ឲ្យ​អេឡា‌សារ ជា​កូន​របស់​គាត់​វិញ គឺ​នៅ​ទី​នោះ​ហើយ​ដែល​អើរ៉ុន​ត្រូវ​ទទួល​មរណ‌ភាព»។

27. លោក​ម៉ូសេ​បាន​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក។ ពួក​លោក​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ហោរ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល។

28. លោក​ដោះ​សម្លៀក‌បំពាក់​ចេញ​ពី​លោក​អើរ៉ុន ហើយ​ពាក់​ឲ្យ​លោក​អេឡាសារ ជា​កូន។ លោក​អើរ៉ុន​ទទួល​មរណ‌ភាព​នៅ​លើ​កំពូល​ភ្នំ​នោះ។ លោក​ម៉ូសេ និង​លោក​អេឡាសារ​នាំ​គ្នា​ចុះ​ពី​ភ្នំ​មក​វិញ។

29. សហគមន៍​ទាំង​មូល​បាន​ឃើញ​លោក​អើរ៉ុន​ផុត​ដង្ហើម ហើយ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​កាន់​ទុក្ខ​លោក​អើរ៉ុន អស់​រយៈ​ពេល​សាម‌សិប​ថ្ងៃ។