32. ចាប់តាំងពីពេលនោះមក អ្នកភូមិហៅលោកគេឌានថា «យេរូបាល» ដោយពោលថា «សូមឲ្យព្រះបាលតវ៉ានឹងគាត់ទៅ ដ្បិតគាត់បានរំលំអាសនៈរបស់លោក»។
33. នៅគ្រានោះ ជនជាតិម៉ាឌានទាំងមូល ជនជាតិអាម៉ាឡេក និងពួកពនេចរដែលមកពីទិសខាងកើត បានប្រមូលផ្ដុំគ្នា ឆ្លងទន្លេយ័រដាន់ ហើយបោះទ័ពនៅត្រង់ជ្រលងភ្នំយេសរាល។
34. ព្រះវិញ្ញាណនៃព្រះអម្ចាស់យាងមកគង់ក្នុងលោកគេឌាន លោកក៏ផ្លុំស្នែង ដើម្បីកោះហៅប្រជាជនក្នុងអំបូរអបៀស៊ើរ ឲ្យមកតាមលោក។
35. លោកចាត់អ្នកនាំសារឲ្យទៅដែនដីរបស់កុលសម្ព័ន្ធម៉ាណាសេទាំងមូល ដើម្បីកេណ្ឌមនុស្សមកតាមលោក។ លោកបានចាត់អ្នកនាំសារឲ្យទៅដែនដីរបស់កុលសម្ព័ន្ធអេស៊ើរ សាប់យូឡូន និងណែបថាលីដែរ ហើយពួកគេក៏នាំគ្នាមករកលោក។
36. ពេលនោះ លោកគេឌានទូលព្រះអម្ចាស់ដូចតទៅ៖ «ព្រះអង្គមានព្រះបន្ទូលថា ទ្រង់នឹងសង្គ្រោះអ៊ីស្រាអែល តាមរយៈទូលបង្គំ
37. ដូច្នេះ ទូលបង្គំសូមលាតស្បែកចៀមនៅលើលានបោកស្រូវ។ ប្រសិនបើទឹកសន្សើមធ្លាក់តែលើស្បែកចៀម ហើយដីនៅជុំវិញស្ងួត នោះទូលបង្គំនឹងដឹងថា ព្រះអង្គពិតជាសព្វព្រះហឫទ័យសង្គ្រោះអ៊ីស្រាអែល តាមរយៈទូលបង្គំ ដូចព្រះអង្គមានព្រះបន្ទូលមែន»។
38. ព្រះអម្ចាស់បានធ្វើឲ្យកើតមានដូច្នោះមែន។ នៅព្រឹកថ្ងៃបន្ទាប់ លោកគេឌានក្រោកឡើង លោកពូតស្បែកចៀមបានទឹកសន្សើមពេញមួយចាន។
39. លោកគេឌានទូលព្រះជាម្ចាស់ថា៖ «សូមព្រះអង្គកុំព្រះពិរោធនឹងទូលបង្គំអី។ ទូលបង្គំសូមទូលតែម្ដងទៀតប៉ុណ្ណោះ សូមមេត្តាអនុញ្ញាតឲ្យទូលបង្គំសាកល្បង ជាលើកចុងក្រោយ គឺសូមឲ្យស្បែកចៀមនៅស្ងួត ហើយឲ្យសន្សើមធ្លាក់ជោកដីទាំងប៉ុន្មានដែលនៅជុំវិញ»។
40. យប់នោះ ព្រះជាម្ចាស់បានធ្វើតាមសំណូមពររបស់លោកគេឌាន គឺមានតែស្បែកចៀមទេដែលស្ងួត ហើយដីទាំងអស់ដែលនៅជុំវិញ ជោកទៅដោយទឹកសន្សើម។