1. ដោយយើងធ្វើការជាមួយព្រះជាម្ចាស់ យើងសូមដាស់តឿនអ្នករាល់គ្នាដែរថា កុំទទួលព្រះគុណរបស់ព្រះអង្គដោយឥតប្រយោជន៍ឡើយ
2. ដ្បិតព្រះអង្គមានបន្ទូលថា៖ «យើងបានស្ដាប់អ្នកនៅគ្រាមានសេចក្ដីមេត្ដា ហើយយើងបានជួយអ្នកនៅថ្ងៃនៃសេចក្ដីសង្គ្រោះ»។ មើល៍ ឥឡូវនេះ ជាពេលនៃសេចក្ដីមេត្ដា មើល៍ ឥឡូវនេះ ជាថ្ងៃនៃសេចក្ដីសង្គ្រោះ។
3. យើងមិនផ្ដល់សេចក្ដីដែលនាំឲ្យអ្នកណាម្នាក់ជំពប់ដួលក្នុងកិច្ចការអ្វីឡើយ ដើម្បីកុំឲ្យមុខងារបម្រើនោះត្រូវរិះគន់ឡើយ
4. ផ្ទុយទៅវិញ យើងបង្ហាញខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់ការទាំងអស់ ដោយការស៊ូទ្រាំជាច្រើនក្នុងការលំបាក សេចក្ដីវេទនា សេចក្ដីទុក្ខព្រួយ
5. ការវាយដំ ការជាប់ឃុំឃាំង ភាពចលាចល ការនឿយហត់ ការអត់ងងុយ ការតមអាហារ
6. ដោយចិត្ដបរិសុទ្ធ ចំណេះដឹង សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ព្រះវិញ្ញាណបរិសុទ្ធ សេចក្ដីស្រឡាញ់ឥតពុតត្បុត
7. និងដោយព្រះបន្ទូលនៃសេចក្ដីពិត ដោយអំណាចអស្ចារ្យរបស់ព្រះជាម្ចាស់តាមរយៈគ្រឿងសឹកនៃសេចក្ដីសុចរិតដែលកាន់នៅដៃស្ដាំ និងនៅដៃឆ្វេង
8. ទាំងមានកិត្តិយស ឬអាប់យស ទាំងមានការបង្អាប់បង្អោន ឬការសរសើរ ហើយត្រូវគេចាត់ទុកជាជនបោកប្រាស់ ប៉ុន្ដែតាមពិតទៀងត្រង់ទេ
9. ជាអ្នកគ្មានគេស្គាល់ ប៉ុន្ដែមានគេស្គាល់ច្បាស់ ជាអ្នកជិតស្លាប់ ប៉ុន្ដែយើងនៅរស់ ជាអ្នកត្រូវបានដាក់ទណ្ឌកម្ម ប៉ុន្ដែមិនត្រូវបានសម្លាប់ឡើយ
10. ជាអ្នកព្រួយចិត្ដ ប៉ុន្ដែត្រេកអរជានិច្ច ជាអ្នកក្រក្សត់ ប៉ុន្ដែធ្វើឲ្យមនុស្សជាច្រើនចម្រុងចម្រើន ជាអ្នកគ្មានអ្វីសោះ ប៉ុន្ដែមានសព្វគ្រប់។
11. បងប្អូននៅក្រុងកូរិនថូសអើយ! យើងបាននិយាយដោយស្មោះត្រង់ទៅកាន់អ្នករាល់គ្នា រីឯចិត្តរបស់យើងក៏ទូលំទូលាយដែរ
12. យើងមិនបានបង្ខាំងអ្នករាល់គ្នាទេ ប៉ុន្ដែចិត្ដអ្នករាល់គ្នាបង្ខាំងអ្នករាល់គ្នាវិញ។
13. ឥឡូវនេះ ខ្ញុំនិយាយដូចជានិយាយទៅកូនៗរបស់ខ្ញុំថា ចូរអ្នករាល់គ្នាមានចិត្ដទូលាយទុកជាការតបស្នងដូចគ្នាដែរចុះ។
14. មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្ដីសុចរិត និងសេចក្ដីទុច្ចរិតប្រកបគ្នាយ៉ាងដូចម្ដេចបាន? តើពន្លឺលាយឡំនឹងសេចក្ដីងងឹតយ៉ាងដូចម្ដេចបាន?
15. តើព្រះគ្រិស្ដ និងអារក្សបេលាលស្រុះស្រួលគ្នាយ៉ាងដូចម្ដេចបាន? តើអ្នកជឿមានចំណែកជាមួយអ្នកមិនជឿយ៉ាងដូចម្ដេចបាន?
16. តើព្រះវិហាររបស់ព្រះជាម្ចាស់ និងរូបព្រះរួមគ្នាយ៉ាងដូចម្ដេចបាន? ដ្បិតយើងជាព្រះវិហាររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ដូចដែលព្រះជាម្ចាស់បានមានបន្ទូលថា៖ «យើងនឹងគង់នៅក្នុងចំណោមពួកគេ ហើយនឹងដើរជាមួយពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្រ្ដរបស់យើង»
17. ដូច្នេះហើយ ព្រះអម្ចាស់មានបន្ទូលថា៖ «ចូរចាកចេញពីក្នុងចំណោមពួកគេ ព្រមទាំងញែកខ្លួនចេញផង រួចកុំពាល់របស់មិនស្អាតឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា