3. ចូរកុំតុបតែងខ្លួនតែសំបកក្រៅ ដូចជាក្រងសក់ ពាក់មាស និងស្លៀកសម្លៀកបំពាក់ផ្សេងៗនោះឡើយ
4. ផ្ទុយទៅវិញ ចូរតុបតែងមនុស្សខាងក្នុងចិត្ត ដោយគ្រឿងដែលមិនពុករលួយ គឺដោយវិញ្ញាណស្លូតបូត និងស្រគត់ស្រគំ ដែលមានតម្លៃបំផុតនៅចំពោះព្រះភក្ដ្រព្រះជាម្ចាស់។
5. ដ្បិតកាលពីដើម ពួកស្ដ្រីបរិសុទ្ធដែលសង្ឃឹមលើព្រះជាម្ចាស់ក៏បានតុបតែងខ្លួនរបៀបនេះ ទាំងចុះចូលនឹងប្ដីរបស់ខ្លួនដែរ
6. ដូចជាសារ៉ាបានស្ដាប់បង្គាប់លោកអ័ប្រាហាំ ព្រមទាំងហៅគាត់ថា លោកម្ចាស់ ទៀតផង។ អ្នករាល់គ្នាបានត្រលប់ជាកូនរបស់សារ៉ា បើអ្នករាល់គ្នាប្រព្រឹត្ដល្អ ដោយឥតភ័យខ្លាចចំពោះការបំភ័យណាមួយនោះ។
7. រីឯប្ដីរាល់គ្នាក៏ដូច្នោះដែរ ត្រូវរស់នៅជាមួយប្រពន្ធរបស់ខ្លួនដោយយល់ថាមនុស្សស្រីជាភាជនៈដែលខ្សោយជាង ហើយចូរផ្ដល់កិត្ដិយសដល់នាងទុកជាអ្នករួមទទួលមរតកព្រះគុណនៃជីវិត ដើម្បីកុំឲ្យមានអ្វីមកបង្អាក់សេចក្ដីអធិស្ឋានរបស់អ្នករាល់គ្នាឡើយ។
8. នៅទីបញ្ចប់នេះ ចូរឲ្យអ្នកទាំងអស់គ្នាមានគំនិតតែមួយ មានចិត្ដអាណិតអាសូរ មានចិត្ដស្រឡាញ់គ្នាដូចជាបងប្អូន ចិត្ដសន្ដោស និងចិត្តសុភាពចុះ។
9. ចូរកុំធ្វើការអាក្រក់តបស្នងនឹងការអាក្រក់ ឬពោលពាក្យប្រមាថតបស្នងនឹងពាក្យប្រមាថឡើយ ផ្ទុយទៅវិញចូរឲ្យពរគេ ព្រោះព្រះជាម្ចាស់បានត្រាស់ហៅអ្នករាល់គ្នាសម្រាប់ការនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរទុកជាមរតក
10. ដ្បិតអ្នកដែលស្រឡាញ់ជីវិត ហើយចង់ឃើញថ្ងៃល្អ អ្នកនោះត្រូវចេះទប់អណ្ដាតខ្លួន កុំឲ្យនិយាយអាក្រក់ ព្រមទាំងទប់បបូរមាត់ខ្លួន កុំឲ្យពោលពាក្យបោកប្រាស់ឡើយ។
11. ចូរឲ្យអ្នកនោះចៀសវាងពីការអាក្រក់ ហើយប្រព្រឹត្ដល្អវិញ ចូរឲ្យអ្នកនោះស្វែងរក ព្រមទាំងដេញតាមសេចក្ដីសុខសាន្ដចុះ។
12. ដ្បិតព្រះនេត្ររបស់ព្រះអម្ចាស់ទតមើលមនុស្សសុចរិត ឯព្រះកាណ៌របស់ព្រះអង្គក៏ស្ដាប់សេចក្ដីអធិស្ឋានរបស់គេដែរ ប៉ុន្ដែព្រះភក្ដ្ររបស់ព្រះអង្គប្រឆាំងនឹងពួកអ្នកប្រព្រឹត្ដអាក្រក់វិញ។
13. បើអ្នករាល់គ្នាមានចិត្ដប្ដូរផ្ដាច់ប្រព្រឹត្ដល្អ តើអ្នកណានឹងធ្វើបាបអ្នករាល់គ្នា?