10. ដ្បិតអ្នកដែលស្រឡាញ់ជីវិត ហើយចង់ឃើញថ្ងៃល្អ អ្នកនោះត្រូវចេះទប់អណ្ដាតខ្លួន កុំឲ្យនិយាយអាក្រក់ ព្រមទាំងទប់បបូរមាត់ខ្លួន កុំឲ្យពោលពាក្យបោកប្រាស់ឡើយ។
11. ចូរឲ្យអ្នកនោះចៀសវាងពីការអាក្រក់ ហើយប្រព្រឹត្ដល្អវិញ ចូរឲ្យអ្នកនោះស្វែងរក ព្រមទាំងដេញតាមសេចក្ដីសុខសាន្ដចុះ។
12. ដ្បិតព្រះនេត្ររបស់ព្រះអម្ចាស់ទតមើលមនុស្សសុចរិត ឯព្រះកាណ៌របស់ព្រះអង្គក៏ស្ដាប់សេចក្ដីអធិស្ឋានរបស់គេដែរ ប៉ុន្ដែព្រះភក្ដ្ររបស់ព្រះអង្គប្រឆាំងនឹងពួកអ្នកប្រព្រឹត្ដអាក្រក់វិញ។
13. បើអ្នករាល់គ្នាមានចិត្ដប្ដូរផ្ដាច់ប្រព្រឹត្ដល្អ តើអ្នកណានឹងធ្វើបាបអ្នករាល់គ្នា?
14. ប៉ុន្ដែបើអ្នករាល់គ្នារងទុក្ខដោយព្រោះសេចក្ដីសុចរិតមែន អ្នករាល់គ្នាមានពរហើយ ចូរកុំភ័យខ្លាចចំពោះការបំភ័យរបស់គេ ឬ ជ្រួលច្របល់ឡើយ
15. ផ្ទុយទៅវិញ ចូរទុកព្រះគ្រិស្ដជាព្រះអម្ចាស់នៅក្នុងចិត្ដរបស់អ្នករាល់គ្នាចុះ ហើយចូរប្រុងប្រៀបជានិច្ច ដើម្បីឆ្លើយការពារទៅកាន់អស់អ្នកដែលសុំអ្នកឲ្យរាយរាប់ប្រាប់ពីសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នា
16. ប៉ុន្ដែចូរឆ្លើយប្រាប់គេដោយទន់ភ្លន់ និងដោយគោរពកោតខ្លាច ហើយត្រូវមានមនសិការល្អ ដើម្បីឲ្យពួកអ្នកដែលនិយាយមួលបង្កាច់អ្នករាល់គ្នាត្រង់ចំណុចណាមួយនោះត្រូវអាម៉ាស់មុខ គឺពួកអ្នកដែលនិយាយបង្ខូចអំពីអាកប្បកិរិយាល្អរបស់អ្នករាល់គ្នានៅក្នុងព្រះគ្រិស្ដ
17. ដ្បិតបើជាបំណងរបស់ព្រះជាម្ចាស់មែន នោះស៊ូរងទុក្ខដោយព្រោះប្រព្រឹត្ដល្អ ប្រសើរជាងប្រព្រឹត្ដអាក្រក់។
18. ដ្បិតព្រះគ្រិស្ដក៏បានរងទុក្ខម្ដងដោយព្រោះបាបដែរ គឺព្រះអង្គសុចរិតបានសោយទិវង្គតជំនួសមនុស្សទុច្ចរិត ដើម្បីឲ្យព្រះអង្គនាំអ្នករាល់គ្នាទៅឯព្រះជាម្ចាស់ ព្រះអង្គត្រូវគេសម្លាប់ខាងឯសាច់ឈាម ប៉ុន្ដែត្រូវបានប្រោសឲ្យរស់ឡើងវិញខាងឯព្រះវិញ្ញាណ