18. អ្នកណាដែលព្រះជាម្ចាស់ត្រាស់ហៅនៅពេលកាត់ស្បែករួចហើយ ចូរកុំឲ្យអ្នកនោះបំបាត់ស្នាមឡើយ រីឯអ្នកណាដែលព្រះជាម្ចាស់ត្រាស់ហៅនៅពេលមិនទាន់កាត់ស្បែក ចូរកុំឲ្យកាត់ស្បែកឡើយ
19. ការកាត់ស្បែក ឬការមិនកាត់ស្បែកមិនសំខាន់អ្វីឡើយ ប៉ុន្ដែការដែលសំខាន់ គឺធ្វើតាមបញ្ញត្ដិរបស់ព្រះជាម្ចាស់
20. ព្រះជាម្ចាស់ត្រាស់ហៅម្នាក់ៗនៅក្នុងសណ្ឋានយ៉ាងណា ចូរឲ្យរស់នៅក្នុងសណ្ឋាននោះទៀតចុះ
21. តើព្រះជាម្ចាស់ត្រាស់ហៅអ្នក ពេលអ្នកជាបាវបម្រើឬ? ចូរកុំខ្វល់ឡើយ ប៉ុន្ដែបើអ្នកអាចត្រលប់ជាមានសេរីភាពបាន នោះចូរធ្វើចុះ
22. ដ្បិតនៅក្នុងព្រះអម្ចាស់អ្នកដែលបានទទួលការត្រាស់ហៅ នៅពេលជាបាវបម្រើ អ្នកនោះជាអ្នកមានសេរីភាពរបស់ព្រះអម្ចាស់ ដូចគ្នាដែរ អ្នកដែលបានទទួលការត្រាស់ហៅ នៅពេលជាអ្នកមានសេរីភាព អ្នកនោះជាបាវបម្រើរបស់ព្រះគ្រិស្ដ
23. ព្រះអង្គបានបង់ថ្លៃលោះអ្នករាល់គ្នារួចហើយ ចូរកុំធ្វើជាបាវបម្រើរបស់មនុស្សទៀតឡើយ
24. បងប្អូនអើយ! ព្រះជាម្ចាស់ត្រាស់ហៅបងប្អូនម្នាក់ៗនៅក្នុងសណ្ឋានយ៉ាងណា ចូរឲ្យរស់នៅក្នុងសណ្ឋាននោះទៀតចុះ នៅចំពោះព្រះជាម្ចាស់។
25. រីឯមនុស្សមិនទាន់រៀបការ ខ្ញុំគ្មានសេចក្ដីបង្គាប់មកពីព្រះអម្ចាស់ទេ ប៉ុន្ដែខ្ញុំជូនគំនិតក្នុងនាមជាមនុស្សស្មោះត្រង់ដោយសារព្រះអម្ចាស់មេត្តា
26. ខ្ញុំគិតដូច្នេះថា ដែលមនុស្សនៅបែបនេះនោះល្អហើយ ដោយព្រោះការលំបាកនាពេលបច្ចុប្បន្ន។