11. ដូច្នេះ កុំឲ្យអ្នកណាម្នាក់មើលងាយគាត់ឡើយ ផ្ទុយទៅវិញ ចូរជូនដំណើរគាត់បន្ដទៀតដោយសុខសាន្ដ ដើម្បីឲ្យគាត់មកដល់ខ្ញុំ ដ្បិតខ្ញុំកំពុងរង់ចាំគាត់ និងពួកបងប្អូនឯទៀត។
12. ចំពោះលោកអ័ប៉ុឡូសជាបងប្អូន ខ្ញុំបានលើកទឹកចិត្ដគាត់យ៉ាងខ្លាំងឲ្យមកជួបអ្នករាល់គ្នាជាមួយពួកបងប្អូនផ្សេងទៀត ប៉ុន្ដែគាត់មិនចង់មកនៅពេលនេះទេ គាត់នឹងមកនៅពេលមានឱកាសវិញ។
13. ចូរប្រុងស្មារតី ចូរឈរឲ្យមាំមួននៅក្នុងជំនឿ ចូរក្លាហាន ហើយរឹងមាំឡើង។
14. ចូរធ្វើអ្វីៗទាំងអស់ដោយសេចក្ដីស្រឡាញ់ចុះ
15. បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា អ្នករាល់គ្នាក៏ស្គាល់ហើយថា ក្រុមគ្រួសាររបស់លោកស្ទេផាណាសជាផលដំបូងនៅស្រុកអាខៃ ព្រមទាំងបានដាក់ខ្លួននៅក្នុងមុខងារបម្រើពួកបរិសុទ្ធ
16. ដូច្នេះចូរអ្នករាល់គ្នាចុះចូលនឹងមនុស្សបែបនេះដែរចុះ ព្រមទាំងមនុស្សទាំងអស់ដែលចូលរួមជួយ និងធ្វើការយ៉ាងនឿយហត់។
17. ខ្ញុំត្រេកអរណាស់ចំពោះការមកដល់របស់លោកស្ទេផាណាស លោកភ័រទូណាស និងលោកអ័ខៃកុស ព្រោះពួកគេបានបំពេញសេចក្ដីខ្វះខាតរបស់អ្នករាល់គ្នា
18. ហើយពួកគេបានធ្វើឲ្យវិញ្ញាណរបស់ខ្ញុំ និងវិញ្ញាណរបស់អ្នករាល់គ្នាធូរស្បើយ ដូច្នេះ ចូរទទួលស្គាល់មនុស្សបែបនេះចុះ។
19. ក្រុមជំនុំទាំងឡាយនៅស្រុកអាស៊ីជម្រាបសួរមកអ្នករាល់គ្នា ហើយលោកអ័គីឡា និងនាងព្រីសីល ព្រមទាំងក្រុមជំនុំដែលប្រជុំគ្នានៅផ្ទះរបស់ពួកគេក៏ជម្រាបសួរអស់ពីចិត្ដមកអ្នករាល់គ្នានៅក្នុងព្រះអម្ចាស់ដែរ។
20. ពួកបងប្អូនទាំងអស់ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយការថើបបរិសុទ្ធ
21. ពាក្យជម្រាបសួរនេះសរសេរដោយដៃរបស់ខ្ញុំផ្ទាល់ គឺប៉ូល។
22. បើអ្នកណាមិនស្រឡាញ់ព្រះអម្ចាស់ ចូរឲ្យអ្នកនោះត្រូវបណ្តាសាចុះ ម៉ារ៉ាណាថា!
23. សូមឲ្យអ្នករាល់គ្នាប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ។
24. សូមឲ្យសេចក្ដីស្រឡាញ់របស់ខ្ញុំ នៅជាប់ជាមួយអ្នកទាំងអស់គ្នានៅក្នុងព្រះគ្រិស្ដយេស៊ូ។