1. ចំពោះការរៃអង្គាសសម្រាប់ពួកបរិសុទ្ធ ចូរអ្នករាល់គ្នាធ្វើដូចដែលខ្ញុំបានបង្គាប់ដល់ក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទីចុះ
2. គឺរាល់ថ្ងៃទីមួយនៃសប្ដាហ៍ ចូរឲ្យម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាសន្សំទុកដោយខ្លួនឯង នូវអ្វីៗដែលព្រះអម្ចាស់បានចម្រើនឲ្យចុះ ដើម្បីពេលណាខ្ញុំមក នោះមិនបាច់មានការរៃអង្គាសទៀតឡើយ។
3. នៅពេលខ្ញុំមកដល់ ខ្ញុំនឹងចាត់អ្នកណាក៏ដោយដែលអ្នករាល់គ្នាជ្រើសរើសឲ្យនាំសំបុត្រ និងអំណោយរបស់អ្នករាល់គ្នាទៅឯក្រុងយេរូសាឡិម
4. ប៉ុន្ដែបើគួរឲ្យខ្ញុំទៅដែរ នោះពួកគេនឹងទៅជាមួយខ្ញុំ។
5. ពេលខ្ញុំឆ្លងកាត់ស្រុកម៉ាសេដូនហើយ ខ្ញុំនឹងមកជួបអ្នករាល់គ្នា ដ្បិតខ្ញុំនឹងឆ្លងកាត់ស្រុកម៉ាសេដូនទៅ
6. ប្រហែលជាខ្ញុំនឹងស្នាក់នៅជាមួយអ្នករាល់គ្នា ឬនៅជាមួយអ្នករាល់គ្នាពេញមួយរដូវរងារផង ដើម្បីឲ្យអ្នករាល់គ្នាជូនដំណើរខ្ញុំបន្ដទៅកន្លែងដែលខ្ញុំនឹងទៅ។
7. ខ្ញុំមិនចង់ជួបអ្នករាល់គ្នាពេលធ្វើដំណើរឆ្លងកាត់នៅពេលនេះទេ ព្រោះខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយអ្នករាល់គ្នាមួយរយៈ បើព្រះអម្ចាស់អនុញ្ញាត។
8. ប៉ុន្ដែខ្ញុំនឹងស្នាក់នៅក្នុងក្រុងអេភេសូរ រហូតដល់ថ្ងៃបុណ្យទីហាសិប
9. ដ្បិតមានទ្វារយ៉ាងធំបានបើកចំហសម្រាប់ខ្ញុំធ្វើការយ៉ាងមានប្រសិទ្ធភាព ប៉ុន្ដែមានអ្នកប្រឆាំងច្រើនណាស់។
10. បើធីម៉ូថេមកដល់ ចូរធានាថា គាត់នៅជាមួយអ្នករាល់គ្នា ដោយឥតបារម្ភ ព្រោះគាត់ក៏បម្រើកិច្ចការរបស់ព្រះអម្ចាស់ដូចខ្ញុំដែរ
11. ដូច្នេះ កុំឲ្យអ្នកណាម្នាក់មើលងាយគាត់ឡើយ ផ្ទុយទៅវិញ ចូរជូនដំណើរគាត់បន្ដទៀតដោយសុខសាន្ដ ដើម្បីឲ្យគាត់មកដល់ខ្ញុំ ដ្បិតខ្ញុំកំពុងរង់ចាំគាត់ និងពួកបងប្អូនឯទៀត។