16. ផ្ទុយទៅវិញ បើអ្នករាល់គ្នាថ្វាយព្រះពរដោយវិញ្ញាណ តើធ្វើដូចម្ដេចឲ្យអ្នកមិនដែលដឹង ដែលនៅទីនោះនិយាយថា អាម៉ែន ស្របនឹងការអរព្រះគុណរបស់អ្នកបាន ដ្បិតគេមិនដឹងថា អ្នករាល់គ្នានិយាយអ្វីផង!
17. រីឯអ្នក អ្នកអរព្រះគុណបានល្អមែន ប៉ុន្ដែអ្នកដទៃមិនបានទទួលការស្អាងចិត្តទេ។
18. ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំនិយាយភាសាចម្លែកអស្ចារ្យច្រើនជាងអ្នកទាំងអស់គ្នាទៅទៀត
19. ប៉ុន្ដែនៅក្នុងក្រុមជំនុំ ខ្ញុំចង់និយាយពាក្យប្រាំម៉ាត់នៅក្នុងគំនិតរបស់ខ្ញុំ ដែលអាចទូន្មានអ្នកដទៃ ជាជាងនិយាយភាសាចម្លែកអស្ចារ្យមួយម៉ឺនម៉ាត់។
20. បងប្អូនអើយ! កុំឲ្យនៅក្មេងខ្ចីខាងឯគំនិតឡើយ បើខាងឯសេចក្ដីអាក្រក់ ចូរឲ្យនៅជាទារកចុះ ប៉ុន្ដែខាងឯការយល់ដឹង ចូរឲ្យពេញវ័យឡើង។
21. មានសេចក្ដីចែងទុកក្នុងគម្ពីរវិន័យថា៖ «យើងនឹងនិយាយទៅប្រជាជននេះដោយភាសាផ្សេងៗ ហើយដោយបបូរមាត់របស់អ្នកផ្សេង ប៉ុន្ដែពួកគេមិនស្ដាប់យើងដដែល» គឺព្រះអម្ចាស់មានបន្ទូលដូច្នេះ។
22. ដូច្នេះភាសាចម្លែកអស្ចារ្យជាទីសំគាល់មួយសម្រាប់ពួកអ្នកមិនជឿ មិនមែនសម្រាប់ពួកអ្នកដែលជឿទេ ផ្ទុយទៅវិញ ការថ្លែងព្រះបន្ទូលជាទីសំគាល់មួយសម្រាប់ពួកអ្នកដែលជឿ មិនមែនសម្រាប់ពួកអ្នកមិនជឿឡើយ
23. ចុះបើក្រុមជំនុំទាំងមូលមកជួបជុំគ្នា ហើយអ្នកទាំងអស់គ្នានិយាយភាសាចម្លែកអស្ចារ្យ ហើយមានអ្នកមិនដែលដឹង ឬអ្នកមិនជឿចូលមក តើគេមិននិយាយថា អ្នករាល់គ្នាឆ្កួតទេឬ?
24. ផ្ទុយទៅវិញ បើអ្នកទាំងអស់គ្នាថ្លែងព្រះបន្ទូល ហើយមានអ្នកមិនជឿ ឬអ្នកមិនដែលដឹងមួយចំនួនចូលមក នោះអ្នកទាំងអស់គ្នានឹងធ្វើឲ្យគេដឹងកំហុស ហើយអ្នកទាំងអស់គ្នាក៏វិនិច្ឆ័យគេដែរ
25. នោះអាថ៌កំបាំងក្នុងចិត្តរបស់គេនឹងបង្ហាញចេញមក គេនឹងក្រាបផ្កាប់មុខថ្វាយបង្គំព្រះជាម្ចាស់ ទាំងប្រកាសថា ព្រះជាម្ចាស់គង់នៅក្នុងចំណោមអ្នករាល់គ្នាពិតមែន!
26. ដូច្នេះតើធ្វើដូចម្ដេច? បងប្អូនអើយ! នៅពេលអ្នករាល់គ្នាជួបជុំគ្នា គឺម្នាក់មានចម្រៀងសរសើរតម្កើង ម្នាក់មានសេចក្ដីបង្រៀន ម្នាក់មានការបើកសំដែង ម្នាក់មានភាសាចម្លែកអស្ចារ្យ ហើយម្នាក់មានការបកប្រែ ចូរធ្វើការទាំងអស់សម្រាប់ការស្អាងចិត្ដចុះ។
27. បើមានអ្នកណានិយាយភាសាចម្លែកអស្ចារ្យ ត្រូវឲ្យមានពីរនាក់ ឬបីនាក់យ៉ាងច្រើន ហើយត្រូវនិយាយម្នាក់ម្ដងៗ និងចូរឲ្យមានម្នាក់បកប្រែផង
28. ប៉ុន្ដែបើគ្មានអ្នកបកប្រែទេ ចូរឲ្យគេនៅស្ងៀមក្នុងក្រុមជំនុំចុះ ហើយឲ្យគេនិយាយទៅកាន់ខ្លួនឯង និងទៅកាន់ព្រះជាម្ចាស់ចុះ
29. រីឯអ្នកនាំព្រះបន្ទូលវិញ ចូរឲ្យមានពីរនាក់ ឬបីនាក់និយាយ ហើយចូរឲ្យអ្នកផ្សេងទៀតពិចារណាចុះ
30. ប៉ុន្ដែបើម្នាក់ទៀតដែលកំពុងអង្គុយបានទទួលការបើកសំដែងដែរ ចូរឲ្យអ្នកទីមួយនៅស្ងៀមចុះ
31. ព្រោះអ្នករាល់គ្នាអាចថ្លែងព្រះបន្ទូលម្នាក់ម្ដងៗទៅមនុស្សគ្រប់គ្នាបាន ដើម្បីឲ្យគ្រប់គ្នាបានរៀន ហើយគ្រប់គ្នាបានទទួលការលើកទឹកចិត្តដែរ
32. រីឯវិញ្ញាណរបស់អ្នកនាំព្រះបន្ទូលត្រូវចុះចូលនឹងអ្នកនាំព្រះបន្ទូល