21. អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះអម្ចាស់ផង និងពីពែងរបស់អារក្សផងបានទេ ហើយក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង និងជាមួយអារក្សផងបានដែរ
22. ឬមួយយើងធ្វើឲ្យព្រះអម្ចាស់ប្រចណ្ឌ? តើយើងខ្លាំងពូកែជាងព្រះអង្គឬ?
23. ខ្ញុំមានសិទ្ធិធ្វើអ្វីៗទាំងអស់មែន ប៉ុន្ដែមិនមែនទាំងអស់សុទ្ធតែមានប្រយោជន៍ទេ ហើយខ្ញុំមានសិទ្ធិធ្វើអ្វីៗទាំងអស់មែន ប៉ុន្ដែមិនមែនទាំងអស់សុទ្ធតែស្អាងឡើងទេ
24. ដូច្នេះ ចូរកុំឲ្យអ្នកណាម្នាក់ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ ប៉ុន្ដែចូរស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃវិញ។
25. ចូរបរិភោគអ្វីៗទាំងអស់ដែលគេលក់នៅផ្សារចុះ កុំសួរអ្វីឡើយ ដោយយល់ដល់មនសិការ
26. ដ្បិតផែនដី និងរបស់សព្វសារពើនៅផែនដីជារបស់ព្រះអម្ចាស់។
27. បើមានអ្នកមិនជឿណាម្នាក់អញ្ជើញអ្នករាល់គ្នាឲ្យទៅបរិភោគ ហើយអ្នករាល់គ្នាចង់ទៅដែរ ចូរបរិភោគអ្វីៗទាំងអស់ដែលគេបានដាក់នៅចំពោះមុខអ្នករាល់គ្នាចុះ កុំសួរអ្វីឡើយ ដោយយល់ដល់មនសិការ
28. ប៉ុន្ដែបើមានអ្នកណាម្នាក់ប្រាប់អ្នករាល់គ្នាថា នេះជាសំណែនដល់រូបព្រះ ចូរកុំបរិភោគឡើយ ដោយយល់ដល់អ្នកដែលប្រាប់នោះ និងដោយយល់ដល់មនសិការ
29. ខ្ញុំមិននិយាយអំពីមនសិការផ្ទាល់ខ្លួនទេ ប៉ុន្ដែអំពីមនសិការរបស់អ្នកដទៃវិញ តើហេតុអ្វីបានជាមនសិការរបស់អ្នកដទៃវិនិច្ឆ័យសេរីភាពរបស់ខ្ញុំដូច្នេះ?
30. បើខ្ញុំចូលរួមបរិភោគដោយអរព្រះគុណ ហេតុអ្វីបានជាគេនិយាយបង្ខូចខ្ញុំសម្រាប់អ្វីដែលខ្ញុំបានអរព្រះគុណហើយដូច្នេះ?
31. ដូច្នេះ ទោះបីអ្នករាល់គ្នាបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីទាំងអស់ដើម្បីសិរីរុងរឿងរបស់ព្រះជាម្ចាស់ចុះ
32. សូមកុំឲ្យក្រុមជំនុំរបស់ព្រះជាម្ចាស់ជំពប់ដួលឡើយ ទាំងជនជាតិយូដា និងជនជាតិក្រេក
33. ដ្បិតខ្ញុំក៏ផ្គាប់ចិត្ដមនុស្សគ្រប់គ្នានៅក្នុងគ្រប់ការទាំងអស់ដែរ ទាំងមិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺស្វែងរកប្រយោជន៍សម្រាប់មនុស្សជាច្រើនវិញ ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះ។