1. រីឯចំណុចដ៏សំខាន់ក្នុងសេចក្ដីដែលបានរៀបរាប់មកនេះ គឺយើងមានសម្ដេចសង្ឃដែលគង់នៅខាងស្ដាំបល្ល័ង្កនៃព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានសួគ៌
2. ជាអ្នកបម្រើការនៅក្នុងទីបរិសុទ្ធ និងនៅក្នុងរោងដ៏ពិតដែលព្រះអម្ចាស់ជាអ្នកសង់ មិនមែនមនុស្សទេ។
3. ដ្បិតសម្ដេចសង្ឃគ្រប់រូបត្រូវបានតែងតាំងឲ្យថ្វាយទាំងតង្វាយ និងយញ្ញបូជា ដូច្នេះសម្ដេចសង្ឃម្នាក់នេះក៏ត្រូវមានអ្វីថ្វាយដែរ។
4. បើព្រះអង្គគង់នៅផែនដី នោះព្រះអង្គមិនមែនជាសង្ឃទេ ព្រោះមានពួកសង្ឃដែលថ្វាយតង្វាយតាមគម្ពីរវិន័យរួចទៅហើយ
5. គឺពួកគេបម្រើទៅតាមគំរូ និងលំនាំនៅស្ថានសួគ៌ ស្របតាមព្រះបន្ទូលដែលលោកម៉ូសេបានទទួលនៅពេលគាត់កំពុងរៀបនឹងសង់រោង គឺព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទៅតាមគំរូដែលយើងបានបង្ហាញដល់អ្នកនៅលើភ្នំ»
6. ប៉ុន្ដែឥឡូវនេះព្រះអង្គបានទទួលកិច្ចការប្រសើរជាងនោះ ដូច្នេះព្រះអង្គក៏ជាអ្នកសម្រុះសម្រួលកិច្ចព្រមព្រៀងដ៏ប្រសើរជាងដែរ គឺជាកិច្ចព្រមព្រៀងដែលបានតាំងនៅលើសេចក្ដីសន្យាដ៏ប្រសើរជាង។
7. ដ្បិតបើកិច្ចព្រមព្រៀងមុនគ្មានកំហុសមែន នោះមិនត្រូវការកិច្ចព្រមព្រៀងថ្មីមកជំនួសទេ។
8. ដោយព្រោះព្រះជាម្ចាស់ឃើញប្រជារាស្ដ្ររបស់ព្រះអង្គមានកំហុស ព្រះអង្គក៏មានបន្ទូលថា៖ «មើល៍ ព្រះអម្ចាស់បានមានបន្ទូលថា នឹងមានថ្ងៃមួយមកដល់ ដែលយើងនឹងតាំងកិច្ចព្រមព្រៀងថ្មីជាមួយពូជពង្សរបស់អ៊ីស្រាអែល និងពូជពង្សរបស់យូដា
9. មិនមែនជាកិច្ចព្រមព្រៀងដែលយើងបានតាំងជាមួយពួកដូនតារបស់ពួកគេនៅថ្ងៃដែលយើងបានដឹកដៃដូនតាទាំងនោះ នាំចេញពីទឹកដីអេស៊ីព្ទទេ ព្រោះពួកគេមិនបានកាន់តាមកិច្ចព្រមព្រៀងរបស់យើង ហើយយើងក៏មិនយកចិត្ដទុកដាក់ចំពោះពួកគេដែរ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10. ព្រះអម្ចាស់មានបន្ទូលថា ប៉ុន្ដែនេះជាកិច្ចព្រមព្រៀងដែលយើងនឹងតាំងជាមួយពូជពង្សអ៊ីស្រាអែលនៅក្រោយថ្ងៃទាំងនោះ គឺយើងនឹងដាក់ក្រឹត្យវិន័យរបស់យើងក្នុងចិត្ដរបស់ពួកគេ ទាំងចារឹកក្នុងគំនិតរបស់ពួកគេផង ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្ដ្ររបស់យើង។
11. ពេលនោះមិនចាំបាច់ឲ្យពួកគេម្នាក់ៗបង្រៀនជនរួមជាតិ និងបងប្អូនរបស់ខ្លួនទៀតឡើយថា ចូរស្គាល់ព្រះអម្ចាស់ ព្រោះពួកគេទាំងអស់គ្នា ទាំងតូច ទាំងធំនឹងស្គាល់យើង