1. ដ្បិតលោកម៉ិលគីស្សាដែកនេះជាស្ដេចក្រុងសាឡិម និងជាសង្ឃរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត គាត់បានជួបលោកអ័ប្រាហាំដែលបានវិលត្រលប់មកពីវាយកម្ទេចស្ដេចនានា ហើយគាត់បានឲ្យពរដល់លោកអ័ប្រាហាំ
2. រីឯលោកអ័ប្រាហាំក៏យកមួយភាគដប់ពីអ្វីៗទាំងអស់មកជូនលោកម៉ិលគីស្សាដែកដែរ។ មុនដំបូងគេហៅនាមស្ដេចអង្គនេះថា ស្ដេចនៃសេចក្ដីសុចរិត ហើយក្រោយមកគេក៏ហៅថា ស្ដេចក្រុងសាឡិមដែរ ដែលមានន័យថា ស្ដេចនៃសេចក្ដីសុខសាន្ត។
3. គាត់គ្មានឪពុកម្ដាយ គ្មានពង្សាវតារ គ្មានថ្ងៃកើត ឬថ្ងៃស្លាប់ឡើយ គឺគាត់មានលក្ខណៈដូចព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ហើយ នៅជាសង្ឃរៀងរហូតទៅ។
4. ពិចារណាមើលចុះ លោកម៉ិលគីស្សាដែកនេះមានឋានៈធំប៉ុណ្ណា បានជាសូម្បីតែលោកអ័ប្រាហាំជាបុព្វបុរសរបស់យើង ក៏យកមួយភាគដប់ពីជ័យភណ្ឌមកជូនគាត់ដូច្នេះ។
5. រីឯពួកកូនចៅរបស់លោកលេវីដែលបានទទួលមុខងារជាសង្ឃ ពួកគេក៏បានទទួលសេចក្ដីបង្គាប់ស្របតាមគម្ពីរវិន័យឲ្យយកមួយភាគដប់ពីប្រជាជនដែរ គឺពីបងប្អូនរបស់ពួកគេ ទោះបីអ្នកទាំងនោះកើតពីពូជពង្សរបស់លោកអ័ប្រាហាំក៏ដោយ។
6. លោកម៉ិលគីស្សាដែកមិនជាប់សាច់ឈាមជាមួយពួកគេទេ ប៉ុន្ដែគាត់បានទទួលយកមួយភាគដប់ពីលោកអ័ប្រាហាំ ហើយបានឲ្យពរលោកអ័ប្រាហាំដែលជាអ្នកទទួលបានសេចក្ដីសន្យា។
7. អ្នកធំឲ្យពរអ្នកតូច នោះគ្មានទាស់អ្វីឡើយ
8. ហើយក្នុងករណីនេះមនុស្សដែលតែងតែស្លាប់ទទួលយកតង្វាយមួយភាគដប់ ប៉ុន្ដែក្នុងករណីមួយទៀត គឺអ្នកដែលមានសេចក្ដីបន្ទាល់ថាគាត់មានជីវិតរស់ ជាអ្នកទទួលវិញ។
9. អាចនិយាយបានម្យ៉ាងទៀតថា សូម្បីតែលោកលេវីដែលទទួលយកតង្វាយមួយភាគដប់ ក៏បានថ្វាយមួយភាគដប់តាមរយៈលោកអ័ប្រាហាំដែរ
10. ដ្បិតកាលលោកម៉ិលគីស្សាដែកជួបលោកអ័ប្រាហាំ នោះលោកលេវីនៅក្នុងខ្លួនដូនតារបស់គាត់នៅឡើយទេ។
11. ដូច្នេះ បើមុខងារជាសង្ឃរបស់ពួកលេវីនាំឲ្យគ្រប់លក្ខណ៍ (ដ្បិតក្រោមមុខងារនេះ ប្រជាជនទទួលបានគម្ពីរវិន័យ) តើហេតុអ្វីបានជានៅតែត្រូវការឲ្យមានការតែងតាំងសង្ឃផ្សេងទៀតដូចលោកម៉ិលគីស្សាដែក មិនមែនដូចលោកអើរ៉ុនដូច្នេះ?