1. បន្ទាប់មក ខ្ញុំឃើញមានសៀវភៅមួយនៅក្នុងព្រះហស្ដស្ដាំរបស់ព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក សៀវភៅនោះមានសរសេរអក្សរទាំងក្នុងទាំងក្រៅ ព្រមទាំងមានបិទត្រាប្រាំពីរផង។
2. ខ្ញុំក៏ឃើញទេវតាដ៏ខ្លាំងពូកែមួយរូប ប្រកាសដោយសំឡេងខ្លាំងៗថា៖ «តើអ្នកណាស័ក្ដិសមនឹងបើកសៀវភៅនេះ និងបកត្រាទាំងនេះបាន?»
3. ប៉ុន្ដែគ្មានអ្នកណាម្នាក់ដែលនៅស្ថានសួគ៌ នៅផែនដី ឬនៅក្រោមដី អាចបើក ឬមើលសៀវភៅនោះបានឡើយ។
4. ពេលនោះ ខ្ញុំយំយ៉ាងខ្លាំង ព្រោះមិនឃើញអ្នកណាម្នាក់ស័ក្ដិសមនឹងបើក ឬមើលសៀវភៅនោះឡើយ
5. រួចមានចាស់ទុំម្នាក់និយាយមកខ្ញុំថា៖ «កុំយំអី មើល៍ តោដែលចេញពីកុលសម្ព័ន្ធយូដា ជាពូជពង្សរបស់ស្ដេចដាវីឌ ព្រះអង្គមានជ័យជម្នះ ព្រះអង្គអាចបើកសៀវភៅ និងបកត្រាទាំងប្រាំពីរនោះបាន»។
6. ខ្ញុំឃើញកូនចៀមមួយដែលមើលទៅដូចជាគេសម្លាប់រួចហើយ កំពុងឈរនៅរវាងបល្ល័ង្ក និងសត្វមានជីវិតទាំងបួន ព្រមទាំងនៅកណ្ដាលពួកចាស់ទុំទាំងឡាយ កូនចៀមនោះមានស្នែងប្រាំពីរ ភ្នែកប្រាំពីរ គឺជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ដែលព្រះអង្គបានចាត់ឲ្យទៅពាសពេញលើផែនដី។
7. កូនចៀមនោះក៏មកយកសៀវភៅពីព្រះហស្ដស្ដាំរបស់ព្រះអង្គ ដែលគង់នៅលើបល្ល័ង្កនោះ។
8. ពេលកូនចៀមមកយកសៀវភៅនោះ សត្វមានជីវិតទាំងបួន និងពួកចាស់ទុំទាំងម្ភៃបួននាក់ ក៏ក្រាបចុះនៅពីមុខកូនចៀមនោះ ម្នាក់ៗមានកាន់ពិណមួយ និងពានមាសពេញទៅដោយគ្រឿងក្រអូប ដែលជាសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ។
9. អ្នកទាំងនោះក៏ច្រៀងចម្រៀងថ្មីមួយថា៖ «ព្រះអង្គស័ក្ដិសមនឹងយកសៀវភៅនេះ និងបកត្រានៅលើសៀវភៅនេះ ដ្បិតព្រះអង្គត្រូវបានគេសម្លាប់ ហើយបានលោះមនុស្សពីគ្រប់ទាំងកុលសម្ព័ន្ធ គ្រប់ភាសា គ្រប់ជនជាតិ និងគ្រប់ប្រទេសសម្រាប់ព្រះជាម្ចាស់ ដោយសារឈាមរបស់ព្រះអង្គ
10. និងបានធ្វើឲ្យពួកគេត្រលប់ជានគរមួយ និងជាពួកសង្ឃសម្រាប់ព្រះជាម្ចាស់នៃយើង ហើយអ្នកទាំងនោះនឹងសោយរាជ្យលើផែនដី»។