1. «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងសើដេសថា ព្រះអង្គដែលមានព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ និងមានផ្កាយទាំងប្រាំពីរ មានបន្ទូលដូច្នេះថា យើងស្គាល់ការប្រព្រឹត្ដិរបស់អ្នកហើយ អ្នកឈ្មោះថារស់ ប៉ុន្ដែអ្នកស្លាប់ទេ។
2. ចូរប្រុងស្មារតី ហើយពង្រឹងអ្វីៗនៅសល់ដែលបម្រុងនឹងស្លាប់នោះ ដ្បិតយើងបានឃើញថា ការប្រព្រឹត្ដិរបស់អ្នកមិនបានគ្រប់លក្ខណ៍នៅចំពោះមុខព្រះជាម្ចាស់របស់យើងឡើយ។
3. ដូច្នេះចូរនឹកចាំថា អ្នកបានទទួល និងបានឮជាយ៉ាងណា នោះចូរកាន់តាម ហើយប្រែចិត្ដចុះ បើអ្នកមិនប្រុងស្មារតីទេ នោះយើងនឹងមកឯអ្នកដូចជាចោរ ហើយអ្នកមិនដឹងថាយើងនឹងមកឯអ្នកនៅពេលណាឡើយ
4. ប៉ុន្ដែនៅក្រុងសើដេសក៏មានអ្នកខ្លះក្នុងចំណោមអ្នក មិនបានធ្វើឲ្យសម្លៀកបំពាក់របស់ពួកគេស្មោកគ្រោកទេ អ្នកទាំងនោះនឹងដើរជាមួយយើង ទាំងស្លៀកពាក់ពណ៌ស ដ្បិតពួកគេស័ក្ដិសមណាស់។
5. អ្នកណាមានជ័យជម្នះ អ្នកនោះនឹងបានស្លៀកពាក់ពណ៌សដូច្នោះដែរ យើងនឹងមិនលប់ឈ្មោះរបស់អ្នកនោះចេញពីបញ្ជីជីវិតឡើយ យើងនឹងទទួលស្គាល់ឈ្មោះរបស់អ្នកនោះនៅចំពោះមុខព្រះវរបិតារបស់យើង និងនៅចំពោះមុខពួកទេវតារបស់ព្រះអង្គដែរ។
6. អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ»។
7. «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងភីឡាដិលភាថា ព្រះអង្គដ៏បរិសុទ្ធ ព្រះអង្គដ៏ពិត ព្រះអង្គដែលមានកូនសោរបស់ស្ដេចដាវីឌ បើព្រះអង្គបើក គ្មានអ្នកណាបិទបាន ហើយបើព្រះអង្គបិទ ក៏គ្មានអ្នកណាបើកបាន មានបន្ទូលដូច្នេះថា
8. យើងស្គាល់ការប្រព្រឹត្ដិរបស់អ្នកហើយ មើល៍ យើងបានបើកទ្វារចំហនៅពីមុខអ្នក ដែលគ្មានអ្នកណាអាចបិទបានឡើយ។ អ្នកមានកម្លាំងបន្ដិចបន្ដួចមែន ប៉ុន្ដែអ្នកបានកាន់តាមពាក្យរបស់យើង ព្រមទាំងមិនបានបដិសេធឈ្មោះរបស់យើងឡើយ។
9. មើល៍ យើងនឹងធ្វើឲ្យក្រុមជំនុំរបស់អារក្សសាតាំង ជាពួកអ្នកដែលហៅខ្លួនឯងថាជាជនជាតិយូដា ប៉ុន្ដែមិនមែនឡើយ ពួកគេជាពួកកុហក គឺយើងនឹងធ្វើឲ្យពួកគេមកក្រាបនៅទៀបជើងរបស់អ្នក ហើយពួកគេនឹងដឹងថា យើងស្រឡាញ់អ្នកមែន។
10. ដោយព្រោះអ្នកបានកាន់តាមពាក្យរបស់យើងដែលឲ្យស៊ូទ្រាំ នោះយើងនឹងរក្សាអ្នកឲ្យរួចផុតពីគ្រានៃសេចក្ដីវេទនា ដែលបម្រុងនឹងមកលើពិភពលោកទាំងមូលដើម្បីល្បងលពួកអ្នកដែលរស់នៅលើផែនដី។
11. យើងនឹងមកយ៉ាងឆាប់ ចូរកាន់ខ្ជាប់សេចក្ដីដែលអ្នកមានចុះ ដើម្បីកុំឲ្យអ្នកណាយកមកុដរបស់អ្នកបានឡើយ។
12. អ្នកណាមានជ័យជម្នះ យើងនឹងតាំងអ្នកនោះឲ្យធ្វើជាសសរទ្រូងនៅក្នុងព្រះវិហារនៃព្រះរបស់យើង ហើយអ្នកនោះនឹងមិនចេញពីព្រះវិហារនេះទៀតឡើយ។ យើងនឹងសរសេរព្រះនាមនៃព្រះរបស់យើង និងឈ្មោះក្រុងនៃព្រះរបស់យើងនៅលើអ្នកនោះ ជាក្រុងយេរូសាឡិមថ្មីដែលចុះមកពីស្ថានសួគ៌ គឺមកពីព្រះរបស់យើង ហើយយើងក៏នឹងសរសេរឈ្មោះថ្មីរបស់យើងនៅលើអ្នកនោះដែរ។
13. អ្នកណាមានត្រចៀក ចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ»។
14. «ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងឡៅឌីសេថា ព្រះអង្គដ៏ជាអាម៉ែន ជាសាក្សីដ៏ស្មោះត្រង់ និងដ៏ពិត ហើយជាដើមកំណើតនៃអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមក មានបន្ទូលដូច្នេះថា