12. ក្រុងនោះមានកំផែងធំ ហើយខ្ពស់ មានទ្វារដប់ពីរ ហើយនៅទ្វារទាំងនោះមានទេវតាដប់ពីររូប រួចនៅលើទ្វារទាំងនោះមានសរសេរឈ្មោះដែលជាឈ្មោះរបស់កុលសម្ព័ន្ធទាំងដប់ពីររបស់ពួកកូនចៅអ៊ីស្រាអែល។
13. នៅទិសខាងកើតមានទ្វារបី ទិសខាងជើងមានទ្វារបី ទិសខាងត្បូងមានទ្វារបី និងទិសខាងលិចមានទ្វារបី។
14. រីឯកំផែងរបស់ក្រុងនោះមានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះទាំងនោះមានឈ្មោះទាំងដប់ពីររបស់សាវកទាំងដប់ពីររបស់កូនចៀម។
15. ទេវតាដែលនិយាយជាមួយខ្ញុំនោះមានកាន់ដំបងមាសមួយជារង្វាស់ សម្រាប់វាស់ក្រុង ទ្វារ និងកំផែងក្រុង។
16. ក្រុងនោះមានរាងបួនជ្រុងស្មើគ្នា គឺបណ្ដោយ និងទទឹងស្មើគ្នា។ ទេវតានោះបានវាស់ក្រុងដោយដំបងនោះឃើញមានមួយម៉ឺនពីរពាន់ស្ដេឌៀ ហើយបណ្ដោយ ទទឹង និងកំពស់របស់ក្រុងនោះមានប្រវែងស្មើគ្នា។
17. ទេវតាក៏បានវាស់កំផែងក្រុង ឃើញមានមួយរយសែសិបបួនហត្ថ តាមរង្វាស់របស់មនុស្សដែលទេវតាប្រើ។
18. កំផែងក្រុងធ្វើពីត្បូងមណីជោតិរស ហើយក្រុងនោះធ្វើពីមាសសុទ្ធដែលថ្លាដូចកែវសុទ្ធ។