3. និងនាងយ៉ូអាណាន់ប្រពន្ធលោកឃូសាជាអ្នកបម្រើស្ដេចហេរ៉ូឌ នាងស៊ូសាន ព្រមទាំងពួកស្ដ្រីជាច្រើនទៀតដែលបានផ្គត់ផ្គង់ដល់ព្រះអង្គ និងពួកសាវកដោយទ្រព្យសម្បត្ដិរបស់ពួកគេ។
4. ពេលបណ្ដាជនច្រើនកុះករ និងពួកអ្នកនៅក្រុងផ្សេងៗប្រមូលផ្ដុំគ្នាមកជួបព្រះអង្គ ព្រះអង្គក៏មានបន្ទូលទៅពួកគេជារឿងប្រៀបប្រដូចថា៖
5. «មានកសិករម្នាក់ចេញទៅព្រោះគ្រាប់ពូជរបស់គាត់ ពេលគាត់ព្រោះ គ្រាប់ពូជខ្លះបានធ្លាក់ទៅលើផ្លូវ ត្រូវគេដើរជាន់ ហើយសត្វលើអាកាសបានមកចឹកស៊ីអស់។
6. ខ្លះទៀតធ្លាក់ទៅលើដីមានថ្ម កាលដុះឡើង នោះក៏ក្រៀមស្វិតទៅ ព្រោះគ្មានសំណើម
7. គ្រាប់ពូជខ្លះទៀតក៏ធ្លាក់ទៅលើដីមានបន្លា ហើយក៏ដុះឡើងជាមួយបន្លាដែលបានរួបរឹតវា។
8. រីឯគ្រាប់ពូជខ្លះទៀតធ្លាក់លើដីល្អ ក៏ដុះឡើងបង្កើតផលបានមួយជាមួយរយ»។ ក្រោយពីបានមានបន្ទូលអំពីសេចក្ដីទាំងនេះហើយ ព្រះអង្គក៏បន្លឺសំឡេងថា៖ «អ្នកណាមានត្រចៀកស្ដាប់ ចូរស្ដាប់ចុះ!»
9. ពួកសិស្សព្រះអង្គបានទូលសួរព្រះអង្គថា៖ «តើរឿងប្រៀបប្រដូចនេះមានន័យដូចម្ដេច?»
10. ព្រះអង្គមានបន្ទូលថា៖ «អាថ៌កំបាំងនៃនគរព្រះជាម្ចាស់ត្រូវបានប្រទានមកឲ្យអ្នករាល់គ្នាយល់ ប៉ុន្ដែសម្រាប់អ្នកដទៃតាមរយៈរឿងប្រៀបប្រដូចវិញ ដើម្បីឲ្យគេមើល ប៉ុន្ដែមិនឃើញ ឲ្យស្ដាប់ ប៉ុន្ដែមិនយល់។
11. រឿងប្រៀបប្រដូចនេះមានន័យដូចតទៅ គ្រាប់ពូជជាព្រះបន្ទូលរបស់ព្រះជាម្ចាស់
12. គ្រាប់ពូជលើផ្លូវជាអស់អ្នកដែលបានឮព្រះបន្ទូល រួចអារក្សសាតាំងក៏មកឆក់យកព្រះបន្ទូលនោះពីចិត្ដរបស់ពួកគេទៅ ដើម្បីកុំឲ្យពួកគេជឿ និងបានសង្គ្រោះឡើយ។