1. នៅថ្ងៃសប្ប័ទមួយ កាលព្រះអង្គយាងកាត់វាលស្រែ សិស្សរបស់ព្រះអង្គបានបូតកួរស្រូវមកញីនៅក្នុងដៃ ហើយបរិភោគទៅ
2. ពួកអ្នកខាងគណៈផារិស៊ីខ្លះបានសួរថា៖ «តើហេតុដូចម្ដេចបានជាអ្នករាល់គ្នាធ្វើអ្វី ដែលវិន័យហាមនៅថ្ងៃសប្ប័ទដូច្នេះ?»
3. ប៉ុន្ដែព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនដែលបានអានអំពីអ្វីដែលស្ដេចដាវីឌបានធ្វើនៅពេលដែលស្ដេច និងគូកនកំពុងឃ្លានទេឬ?
4. គឺស្ដេចបានចូលក្នុងដំណាក់ព្រះជាម្ចាស់ ហើយបានយកនំប៉័ងតាំងថ្វាយមកបរិភោគ ដែលវិន័យមិនអនុញ្ញាតឲ្យបរិភោគ លើកលែងតែសង្ឃប៉ុណ្ណោះ ស្ដេចបានឲ្យនំប៉័ងនោះដល់គូកនថែមទៀតផង»
5. រួចព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កូនមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។
6. នៅថ្ងៃសប្ប័ទមួយទៀត ព្រះអង្គបានចូលទៅក្នុងសាលាប្រជុំ និងបានបង្រៀន ហើយនៅទីនោះ មានបុរសម្នាក់ស្វិតដៃខាងស្ដាំ។
7. ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីបានតាមមើលព្រះអង្គ ក្រែងលោព្រះអង្គប្រោសគាត់ឲ្យបានជានៅថ្ងៃសប្ប័ទដើម្បីរកលេសចោទប្រកាន់ព្រះអង្គ
8. ប៉ុន្ដែព្រះអង្គបានជ្រាបពីគំនិតរបស់ពួកគេ ក៏មានបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង ហើយឈរនៅកណ្ដាលចំណោមនេះ» គាត់ក៏ក្រោកឈរឡើង
9. រួចព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំសួរអ្នករាល់គ្នាមើល៍ តើនៅថ្ងៃសប្ប័ទវិន័យឲ្យធ្វើការល្អ ឬធ្វើការអាក្រក់? ឲ្យសង្គ្រោះជីវិត ឬបំផ្លាញ?»