21. ប៉ុន្ដែមើល៍ ដៃរបស់អ្នកក្បត់ខ្ញុំ ក៏ដាក់នៅលើតុអាហារជាមួយខ្ញុំដែរ
22. ដ្បិតកូនមនុស្សត្រូវទៅដូចជាសេចក្ដីដែលបានចែងទុកមកមែន ប៉ុន្ដែវេទនាដល់មនុស្សម្នាក់នោះដែលបានក្បត់កូនមនុស្ស»។
23. ពួកគេក៏ចាប់ផ្ដើមសួរដេញដោលគ្នាអំពីអ្នកដែលបម្រុងធ្វើដូច្នេះ។
24. ពេលនោះក៏កើតមានការឈ្លោះប្រកែកគ្នាអំពីអ្នកដែលទំនងជាអ្នកធំជាងគេក្នុងចំណោមពួកគេ។
25. ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ពួកស្ដេចនៃជនជាតិនានាគ្រប់គ្រងលើប្រជាជន ហើយពួកអ្នកមានសិទ្ធិអំណាចលើប្រជាជន គេហៅថា ពួកអ្នកមានគុណ
26. ប៉ុន្ដែអ្នករាល់គ្នាវិញ មិនមែនដូច្នោះទេ អ្នកធំជាងគេក្នុងចំណោមអ្នករាល់គ្នា ចូរឲ្យអ្នកនោះធ្វើដូចជាអ្នកតូចជាងគេ ឯអ្នកដឹកនាំដូចជាអ្នកបម្រើ
27. ដ្បិតអ្នកធំជាងជាអ្នកណា តើជាអ្នកដែលកំពុងអង្គុយនៅតុអាហារ ឬជាអ្នកដែលកំពុងបម្រើគេ? តើមិនមែនជាអ្នកកំពុងអង្គុយនៅតុអាហារទេឬ? ខ្ញុំប្រៀបដូចជាអ្នកដែលកំពុងបម្រើនៅក្នុងចំណោមអ្នករាល់គ្នា
28. ហើយអ្នករាល់គ្នាជាពួកអ្នកដែលបាននៅជាមួយខ្ញុំ នៅពេលខ្ញុំជួបសេចក្ដីល្បួង
29. ដូច្នេះព្រះវរបិតារបស់ខ្ញុំឲ្យនគរមួយដល់ខ្ញុំជាយ៉ាងណា ខ្ញុំនឹងឲ្យដល់អ្នករាល់គ្នាជាយ៉ាងនោះដែរ
30. ដើម្បីឲ្យអ្នករាល់គ្នាបានបរិភោគនៅតុជាមួយខ្ញុំក្នុងនគររបស់ខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល្ល័ង្កជំនុំជម្រះកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។
31. ស៊ីម៉ូន ស៊ីម៉ូនអើយ! មើល៍អារក្សសាតាំងបានសុំអ្នកហើយ ដើម្បីរែងអ្នកដូចជាស្រូវដូច្នោះដែរ
32. ប៉ុន្ដែខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកធ្លាក់ចុះឡើយ ហើយនៅពេលអ្នកប្រែចិត្ដ ចូរពង្រឹងបងប្អូនរបស់អ្នកផង»។
33. ប៉ុន្ដែលោកពេត្រុសបានទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំបានត្រៀមនៅជាមួយព្រះអង្គហើយ ទោះបីត្រូវជាប់គុក ឬស្លាប់ក៏ដោយ»។
34. ព្រះអង្គក៏មានបន្ទូលថា៖ «ពេត្រុសអើយ! ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះមុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
35. រួចព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កាលខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅដោយគ្មានថង់ប្រាក់ ថង់យាម និងស្បែកជើង តើអ្នករាល់គ្នាបានខ្វះខាតអ្វីទេ?» ពួកគេទូលថា៖ «គ្មានទេ»។
36. ព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «ប៉ុន្ដែឥទ្បូវនេះ អ្នកណាមានថង់ប្រាក់ ចូរយកទៅ ហើយអ្នកណាមានថង់យាមក៏យកទៅដូចគ្នា ឯអ្នកណាដែលគ្មានវិញ ចូរលក់អាវរបស់ខ្លួនទិញដាវមួយចុះ
37. ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា សេចក្ដីដែលបានចែងទុកអំពីខ្ញុំនេះត្រូវតែសម្រេច ដែលថា គេបានរាប់លោកបញ្ចូលជាមួយពួកល្មើសច្បាប់។ សេចក្ដីដែលទាក់ទងនឹងខ្ញុំឈានដល់ការសម្រេចហើយ»។
38. ពួកគេក៏ទូលថា៖ «ព្រះអម្ចាស់អើយ! មើល៍ នៅទីនេះមានដាវពីរ» ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គ្រប់ហើយ»។
39. កាលព្រះអង្គចេញទៅ ក៏យាងទៅភ្នំដើមអូលីវតាមទម្លាប់ ឯពួកសិស្សក៏បានទៅតាមព្រះអង្គដែរ។
40. ពេលមកដល់កន្លែងហើយ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្ដីល្បួង»