17. រួចព្រះអង្គយកពែងមក ទាំងអរព្រះគុណព្រះជាម្ចាស់ ហើយមានបន្ទូលថា៖ «ចូរទទួលយកពែងនេះ ហើយចែកគ្នាផឹកចុះ
18. ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំមិនផឹកផលពីទំពាំងបាយជូរទៀតទេ រហូតដល់នគរព្រះជាម្ចាស់មកដល់»។
19. បន្ទាប់មកព្រះអង្គយកនំប៉័ងមក ទាំងអរព្រះគុណព្រះជាម្ចាស់ ហើយកាច់ចែកឲ្យពួកសិស្ស ទាំងមានបន្ទូលថា៖ «នេះជារូបកាយរបស់ខ្ញុំដែលបានឲ្យមកអ្នករាល់គ្នា ចូរធ្វើបែបនេះចុះដើម្បីរំឭកដល់ខ្ញុំ»។
20. ក្រោយពីបរិភោគរួច ព្រះអង្គក៏មានបន្ទូលអំពីពែងបែបដូច្នោះដែរថា៖ «ពែងនេះជាកិច្ចព្រមព្រៀងថ្មីដោយនូវឈាមខ្ញុំ ដែលបានបង្ហូរសម្រាប់អ្នករាល់គ្នា
21. ប៉ុន្ដែមើល៍ ដៃរបស់អ្នកក្បត់ខ្ញុំ ក៏ដាក់នៅលើតុអាហារជាមួយខ្ញុំដែរ
22. ដ្បិតកូនមនុស្សត្រូវទៅដូចជាសេចក្ដីដែលបានចែងទុកមកមែន ប៉ុន្ដែវេទនាដល់មនុស្សម្នាក់នោះដែលបានក្បត់កូនមនុស្ស»។
23. ពួកគេក៏ចាប់ផ្ដើមសួរដេញដោលគ្នាអំពីអ្នកដែលបម្រុងធ្វើដូច្នេះ។
24. ពេលនោះក៏កើតមានការឈ្លោះប្រកែកគ្នាអំពីអ្នកដែលទំនងជាអ្នកធំជាងគេក្នុងចំណោមពួកគេ។
25. ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ពួកស្ដេចនៃជនជាតិនានាគ្រប់គ្រងលើប្រជាជន ហើយពួកអ្នកមានសិទ្ធិអំណាចលើប្រជាជន គេហៅថា ពួកអ្នកមានគុណ
26. ប៉ុន្ដែអ្នករាល់គ្នាវិញ មិនមែនដូច្នោះទេ អ្នកធំជាងគេក្នុងចំណោមអ្នករាល់គ្នា ចូរឲ្យអ្នកនោះធ្វើដូចជាអ្នកតូចជាងគេ ឯអ្នកដឹកនាំដូចជាអ្នកបម្រើ
27. ដ្បិតអ្នកធំជាងជាអ្នកណា តើជាអ្នកដែលកំពុងអង្គុយនៅតុអាហារ ឬជាអ្នកដែលកំពុងបម្រើគេ? តើមិនមែនជាអ្នកកំពុងអង្គុយនៅតុអាហារទេឬ? ខ្ញុំប្រៀបដូចជាអ្នកដែលកំពុងបម្រើនៅក្នុងចំណោមអ្នករាល់គ្នា
28. ហើយអ្នករាល់គ្នាជាពួកអ្នកដែលបាននៅជាមួយខ្ញុំ នៅពេលខ្ញុំជួបសេចក្ដីល្បួង