20. ពួកអ្នកគង្វាលចៀមបានវិលទៅវិញ ទាំងថ្វាយសិរីរុងរឿង និងសរសើរតម្កើងព្រះជាម្ចាស់ចំពោះការទាំងអស់ដែលពួកគេបានឮ និងបានឃើញដូចដែលទេវតាបានប្រាប់ពួកគេ។
21. លុះគ្រប់ប្រាំបីថ្ងៃសម្រាប់ធ្វើពិធីកាត់ស្បែកបុត្រតូច គេបានដាក់ឈ្មោះបុត្រតូចនោះថា យេស៊ូ ជាឈ្មោះដែលទេវតាបានដាក់ឲ្យមុនពេលមានកំណើតក្នុងផ្ទៃ។
22. ដល់ពេលត្រូវធ្វើពិធីជម្រះកាយទៅតាមក្រឹត្យវិន័យរបស់លោកម៉ូសេ ពួកគេក៏នាំយកបុត្រតូចទៅក្រុងយេរូសាឡិមដើម្បីថ្វាយដល់ព្រះជាម្ចាស់
23. គឺដូចដែលមានសេចក្ដីចែងទុកក្នុងគម្ពីរវិន័យរបស់ព្រះអម្ចាស់ថា គ្រប់កូនប្រុសដែលកើតពីផ្ទៃមុនដំបូងនឹងត្រូវរាប់ជាបរិសុទ្ធសម្រាប់ព្រះអម្ចាស់
24. ហើយតាមសេចក្ដីដែលបានចែងទុកក្នុងគម្ពីរវិន័យរបស់ព្រះអម្ចាស់ គឺត្រូវថ្វាយលលកមួយគូ ឬព្រាបជំទើរពីរជាយញ្ញបូជា។
25. មើល៍ នៅក្រុងយេរូសាឡិមមានបុរសម្នាក់ឈ្មោះស៊ីម្មាន ជាមនុស្សសុចរិត ហើយជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ គាត់កំពុងរង់ចាំការសម្រាលទុក្ខសម្រាប់អ៊ីស្រាអែល ហើយព្រះវិញ្ញាណបរិសុទ្ធបានសណ្ឋិតលើគាត់។
26. ព្រះវិញ្ញាណបរិសុទ្ធបានបើកសំដែងឲ្យគាត់ដឹងថា គាត់នឹងមិនជួបសេចក្ដីស្លាប់ឡើយ មុនពេលបានឃើញព្រះគ្រិស្ដរបស់ព្រះអម្ចាស់។
27. ព្រះវិញ្ញាណបាននាំគាត់ចូលមកក្នុងព្រះវិហារ ពេលដែលឪពុកម្ដាយបាននាំបុត្រតូចយេស៊ូចូលមកក្នុង ដើម្បីធ្វើតាមទំនៀមទម្លាប់ក្នុងគម្ពីរវិន័យសម្រាប់បុត្រតូច។
28. លោកស៊ីម្មានបានទទួលយកបុត្រតូចនោះមកបីនៅក្នុងដៃ ហើយគាត់បានថ្វាយព្រះពរព្រះជាម្ចាស់ដោយនិយាយថា៖
29. «ឱព្រះអម្ចាស់អើយ! សូមដកយកបាវបម្រើរបស់ព្រះអង្គទៅក្នុងសេចក្ដីសុខសាន្ដនៅពេលឥឡូវនេះ តាមព្រះបន្ទូលរបស់ព្រះអង្គចុះ។
30. ដ្បិតភ្នែករបស់ខ្ញុំបានឃើញសេចក្ដីសង្គ្រោះរបស់ព្រះអង្គ
31. ដែលព្រះអង្គបានផ្ដល់ឲ្យនៅចំពោះមុខប្រជាជនទាំងអស់
32. គឺជាពន្លឺសម្រាប់បំភ្លឺសាសន៍ដទៃ និងសិរីរុងរឿងដល់អ៊ីស្រាអែល ដែលជាប្រជារាស្ដ្ររបស់ព្រះអង្គ»។
33. ឪពុកម្ដាយរបស់បុត្រតូចនឹកអស្ចារ្យពីសេចក្ដីទាំងឡាយដែលបានពោលអំពីព្រះអង្គ។
34. លោកស៊ីម្មានបានឲ្យពរពួកគេ និងបាននិយាយទៅនាងម៉ារា ជាម្ដាយថា៖ «មើល៍ កូននេះត្រូវបានកំណត់សម្រាប់ការជំពប់ដួល និងការងើបឡើងរបស់មនុស្សជាច្រើននៅអ៊ីស្រាអែល ហើយជាទីសំគាល់ដែលត្រូវគេប្រឆាំង
35. ឯអ្នកវិញ នឹងមានដាវមួយចាក់ទម្លុះព្រលឹងរបស់អ្នក ដើម្បីឲ្យចិត្ដគំនិតរបស់មនុស្សជាច្រើនបានសំដែងចេញពីខាងក្នុងមក»។
36. មានអ្នកនាំព្រះបន្ទូលស្រីម្នាក់ឈ្មោះអាណ ជាកូនស្រីរបស់លោកផាញូអែលមកពីកុលសម្ព័ន្ធអេស៊ើរ។ ស្ដ្រីម្នាក់នេះមានវ័យចាស់ជរាទៅហើយ ក្រោយពីវ័យក្រមុំរបស់គាត់ គាត់បានរស់នៅជាមួយប្ដីបានប្រាំពីរឆ្នាំ
37. រួចគាត់ក៏នៅមេម៉ាយរហូតដល់អាយុប៉ែតសិបបួនឆ្នាំ គាត់មិនដែលចាកចេញពីព្រះវិហារឡើយ ហើយគាត់បម្រើព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ ទាំងតមអាហារ និងអធិស្ឋានផង។