44. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គាត់នឹងតែងតាំងអ្នកនោះឲ្យមើលខុសត្រូវទ្រព្យសម្បត្ដិរបស់គាត់ទាំងអស់
45. ប៉ុន្ដែប្រសិនបើបាវបម្រើនោះគិតនៅក្នុងចិត្ដថា ចៅហ្វាយរបស់អញក្រមកដល់ណាស់ នោះគាត់ក៏ចាប់ផ្ដើមវាយបាវបម្រើប្រុសស្រីឯទៀតៗ ព្រមទាំងស៊ីផឹកទាល់តែស្រវឹង
46. ចៅហ្វាយរបស់គាត់នឹងមកវិញនៅថ្ងៃមួយដែលគាត់ស្មានមិនដល់ និងនៅម៉ោងដែលគាត់មិនដឹងទាល់តែសោះ ចៅហ្វាយនឹងកាត់គាត់ជាកង់ៗ រួចដាក់គាត់រួមជាមួយនឹងពួកអ្នកមិនជឿ។
47. ដូច្នេះបាវបម្រើណាដែលដឹងបំណងរបស់ចៅហ្វាយ ប៉ុន្ដែមិនប្រុងប្រៀបខ្លួនជាស្រេច ឬមិនធ្វើតាមបំណងចៅហ្វាយ នោះនឹងត្រូវវាយច្រើនរំពាត់។
48. អ្នកណាដែលមិនដឹង ហើយបានធ្វើអ្វីមួយសមនឹងត្រូវរំពាត់ នោះនឹងត្រូវវាយតិចតួចទេ ដ្បិតអ្នកណាដែលគេឲ្យច្រើន នោះគេនឹងទារច្រើនពីអ្នកនោះវិញ ឯអ្នកណាដែលគេមានទំនុកចិត្ដច្រើន នោះគេនឹងសុំពីអ្នកនោះរឹតតែច្រើនដែរ។
49. ខ្ញុំមកដើម្បីនាំភ្លើងមកផែនដីនេះ ហើយខ្ញុំចង់បានណាស់ បើភ្លើងនោះបានដុតឆេះរួចហើយ
50. រីឯខ្ញុំវិញ មានពិធីជ្រមុជមួយដែលខ្ញុំត្រូវទទួល ហើយខ្ញុំត្រូវទទួលការឈឺចាប់បំផុត លុះត្រាតែពិធីនោះបានសម្រេច
51. តើអ្នករាល់គ្នាគិតថា ខ្ញុំមកដើម្បីនាំយកសេចក្ដីសុខសាន្ដដល់ផែនដីឬ? ទេ ខ្ញុំប្រាប់អ្នករាល់គ្នាថា គឺជាការបាក់បែកវិញ
52. ដ្បិតចាប់ពីពេលនេះតទៅ គ្រួសារមួយដែលមានគ្នាប្រាំនាក់នឹងបាក់បែកគ្នា គឺបីនាក់ទាស់នឹងពីរនាក់ ឬពីរនាក់ទាស់នឹងបីនាក់
53. ឪពុកនឹងត្រូវបែកបាក់ទាស់ជាមួយកូនប្រុស កូនប្រុសទាស់ជាមួយឪពុក ហើយម្ដាយទាស់ជាមួយកូនស្រី កូនស្រីទាស់ជាមួយម្ដាយ ឯម្ដាយក្មេកទាស់ជាមួយកូនប្រសារស្រី កូនប្រសារស្រីទាស់ជាមួយម្ដាយក្មេក»
54. រួចព្រះអង្គក៏បានមានបន្ទូលទៅបណ្ដាជនដែរថា៖ «ពេលណាអ្នករាល់គ្នាឃើញពពកពូនឡើងនៅទិសខាងលិច អ្នករាល់គ្នាក៏និយាយភ្លាមថា ជិតភ្លៀងហើយ នោះក៏កើតឡើងដូច្នោះមែន
55. ហើយពេលណាមានខ្យល់ទិសខាងត្បូងបក់មក អ្នករាល់គ្នានិយាយថា អាកាសធាតុនឹងប្រែជាក្ដៅ នោះក៏កើតមានមែន។
56. មនុស្សមានពុតអើយ! អ្នករាល់គ្នាចេះសំគាល់សណ្ឋានរបស់ផ្ទៃមេឃ និងផែនដី ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនចេះសំគាល់សម័យនេះដូច្នេះ?
57. តើហេតុអ្វីក៏អ្នករាល់គ្នាមិនវិនិច្ឆ័យខ្លួនឯងផងពីអ្វីដែលត្រឹមត្រូវ?
58. ដ្បិតនៅពេលអ្នកនៅតាមផ្លូវជាមួយគូវិវាទរបស់អ្នកទៅជួបអាជ្ញាធរ ចូរខំប្រឹងដោះស្រាយជាមួយគាត់នៅតាមផ្លូវចុះ ក្រែងលោគេអូសអ្នកទៅឲ្យចៅក្រម ចៅក្រមប្រគល់អ្នកទៅឲ្យនគរបាល ហើយនគរបាលក៏បោះអ្នកទៅក្នុងគុក។
59. ខ្ញុំប្រាប់អ្នកថា អ្នកចេញពីទីនោះមិនបានឡើយ លុះត្រាតែសងគេដោយឥតខ្វះមួយឡិបតា»។