11. ពេលពួកគេនាំអ្នករាល់គ្នាទៅក្នុងសាលាប្រជុំ នៅចំពោះមុខពួកអ្នកគ្រប់គ្រង និងពួកអាជ្ញាធរ ចូរកុំព្រួយបារម្ភថាត្រូវឆ្លើយយ៉ាងដូចម្ដេច ឬនិយាយអ្វីឡើយ
12. ពីព្រោះព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀនអ្នករាល់គ្នានៅពេលនោះអំពីអ្វីដែលត្រូវនិយាយ។»
13. មានមនុស្សម្នាក់ពីក្នុងចំណោមបណ្ដាជនបានទូលទៅព្រះអង្គថា៖ «លោកគ្រូ សូមលោកប្រាប់បងប្រុសរបស់ខ្ញុំឲ្យចែកមរតកដល់ខ្ញុំផង»
14. ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «អ្នកអើយ! តើអ្នកណាតែងតាំងខ្ញុំឲ្យធ្វើជាចៅក្រម ឬជាអាជ្ញាកណ្ដាលរបស់ពួកអ្នក?»
15. រួចព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ចូរយកចិត្ដទុកដាក់ ហើយប្រុងប្រយ័ត្នចំពោះសេចក្ដីលោភលន់ទាំងអស់ ព្រោះជីវិតរបស់មនុស្សមិនស្ថិតលើការមានទ្រព្យសម្បត្ដិដ៏ហូរហៀររបស់ខ្លួនទេ»។
16. ព្រះអង្គក៏មានបន្ទូលជារឿងប្រៀបប្រដូចមួយទៅពួកគេថា៖ «បុរសអ្នកមានម្នាក់ មានចម្ការមួយដែលឲ្យផលយ៉ាងច្រើន
17. ហើយគាត់បានគិតក្នុងចិត្ដថា តើខ្ញុំគួរធ្វើយ៉ាងដូចម្ដេច ព្រោះខ្ញុំគ្មានកន្លែងទុកផលរបស់ខ្ញុំ?
18. រួចគាត់និយាយថា ខ្ញុំនឹងធ្វើបែបនេះ គឺខ្ញុំនឹងរុះជង្រុកខ្ញុំចោល ហើយសង់មួយទៀតធំជាងនេះ ខ្ញុំនឹងទុកផលស្រូវ និងរបស់ទ្រព្យទាំងអស់របស់ខ្ញុំនៅទីនោះ
19. រួចខ្ញុំនឹងប្រាប់ជីវិតរបស់ខ្ញុំថា ឱជីវិតអើយ! ឯងមានរបស់ទ្រព្យជាច្រើនទុកសម្រាប់រយៈពេលច្រើនឆ្នាំ ចូរសម្រាក ស៊ីផឹក ហើយសប្បាយរីករាយចុះ។
20. ប៉ុន្ដែព្រះជាម្ចាស់បានមានបន្ទូលទៅគាត់ថា មនុស្សល្ងង់! នៅយប់នេះយើងដកយកជីវិតរបស់អ្នកចេញពីអ្នកហើយ ដូច្នេះតើអ្វីៗដែលអ្នកបានបម្រុងទុកនឹងត្រលប់ជារបស់អ្នកណា?
21. អ្នកណាសន្សំរបស់ទ្រព្យទុកសម្រាប់តែខ្លួនឯង ប៉ុន្ដែមិនមានខាងឯព្រះជាម្ចាស់ ក៏ដូច្នោះដែរ»។
22. បន្ទាប់មក ព្រះអង្គក៏មានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិតថាត្រូវបរិភោគអ្វី ឬរូបកាយត្រូវស្លៀកពាក់អ្វីឡើយ
23. ដ្បិតជីវិតវិសេសជាងអាហារ ឯរូបកាយក៏វិសេសជាងសម្លៀកបំពាក់ដែរ។
24. ចូរពិចារណាពីសត្វក្អែក ពួកវាមិនបានសាបព្រោះ ឬច្រូតកាត់ ហើយក៏គ្មានឃ្លាំង ឬជង្រុកដែរ ប៉ុន្ដែព្រះជាម្ចាស់ចិញ្ចឹមពួកវា ឯអ្នករាល់គ្នាវិញ មានតម្លៃខ្លាំងណាស់លើសពួកវាទៅទៀត