24. ពេលវិញ្ញាណអាក្រក់ចេញពីមនុស្សម្នាក់ វាក៏ទៅស្វែងរកកន្លែងសម្រាកនៅទីហួតហែង ប៉ុន្ដែរកមិនបាន នោះវានិយាយថា អញនឹងត្រលប់ទៅផ្ទះរបស់អញដែលអញបានចេញមកនោះវិញ
25. ហើយពេលមកដល់ វាក៏ឃើញថាផ្ទះនោះបោសស្អាត ទាំងមានរបៀបផង
26. នោះវាក៏ទៅនាំវិញ្ញាណប្រាំពីរទៀតដែលអាក្រក់ជាងវាចូលទៅនៅទីនោះ ដូច្នេះស្ថានភាពក្រោយរបស់មនុស្សនេះនឹងអាក្រក់ជាងមុនទៅទៀត»។
27. នៅពេលព្រះអង្គកំពុងមានបន្ទូលពីសេចក្ដីទាំងនេះ មានស្ដ្រីម្នាក់បន្លឺសំឡេងពីក្នុងចំណោមបណ្ដាជនទូលទៅព្រះអង្គថា៖ «មានពរហើយ ម្ដាយណាដែលបានបង្កើតអ្នក និងបានបំបៅអ្នក»។
28. ប៉ុន្ដែព្រះអង្គមានបន្ទូលថា៖ «គឺអស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយកាន់តាមទេតើ ដែលមានពរ»។
29. កាលបណ្ដាជនកំពុងជួបជុំគ្នាច្រើនឡើងៗ ព្រះអង្គចាប់ផ្ដើមមានបន្ទូលថា៖ «ជំនាន់នេះជាជំនាន់អាក្រក់ណាស់ គេស្វែងរកតែទីសំគាល់ទេ ប៉ុន្ដែគ្មានទីសំគាល់ណាប្រទានឲ្យមនុស្សជំនាន់នេះទេ ក្រៅពីទីសំគាល់លោកយ៉ូណាស
30. ដ្បិតលោកយ៉ូណាសបានត្រលប់ជាទីសំគាល់មួយដល់អ្នកក្រុងនីនីវេជាយ៉ាងណា កូនមនុស្សក៏នឹងត្រលប់ជាទីសំគាល់មួយដល់ជំនាន់នេះជាយ៉ាងនោះដែរ។
31. នៅគ្រាជំនុំជម្រះ ម្ចាស់ក្សត្រីភាគខាងត្បូងនឹងក្រោកឡើងជាមួយនឹងមនុស្សជំនាន់នេះ រួចដាក់ទោសដល់ជំនាន់នេះ ដ្បិតព្រះនាងបានមកពីចុងបំផុតនៃផែនដី ដើម្បីស្ដាប់ប្រាជ្ញារបស់ស្ដេចសាឡូម៉ូន តែម្នាក់ដែលវិសេសជាងស្ដេចសាឡូម៉ូននៅទីនេះស្រាប់ហើយ។
32. នៅគ្រាជំនុំជម្រះ អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ រួចដាក់ទោសដល់ជំនាន់នេះ ព្រោះគេបានប្រែចិត្ដ ពេលឮសេចក្ដីប្រកាសរបស់លោកយ៉ូណាស ប៉ុន្ដែម្នាក់ដែលវិសេសជាងលោកយ៉ូណាសនៅទីនេះស្រាប់ហើយ។
33. គ្មានអ្នកណាអុជចង្កៀងដាក់នៅទីកំបាំង ឬនៅក្រោមថាំងទេ គឺដាក់នៅលើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកដែលចូលមកអាចមើលឃើញពន្លឺនោះ។
34. ភ្នែកជាចង្កៀងនៃរូបកាយ ដូច្នេះបើភ្នែករបស់អ្នកភ្លឺល្អ នោះរូបកាយរបស់អ្នកទាំងមូលនឹងភ្លឺ ប៉ុន្ដែពេលភ្នែករបស់អ្នកមិនល្អ នោះរូបកាយរបស់អ្នកនឹងត្រលប់ជាងងឹតសូន្យសុង។
35. ដូច្នេះចូរពិចារណាចុះ ដើម្បីកុំឲ្យពន្លឺនៅក្នុងអ្នកប្រែជាសេចក្ដីងងឹត
36. ហើយបើរូបកាយទាំងមូលរបស់អ្នកភ្លឺឥតមានងងឹតត្រង់ណាសោះ នោះរូបកាយទាំងមូលក៏ភ្លឺដូចជានៅពេលដែលពន្លឺចង្កៀងបំភ្លឺអ្នកដែរ»។
37. ពេលព្រះអង្គកំពុងមានបន្ទូល មានអ្នកខាងគណៈផារិស៊ីម្នាក់បានទូលសូមឲ្យព្រះអង្គបរិភោគអាហារជាមួយគាត់ ព្រះអង្គក៏ចូលទៅអង្គុយនៅតុអាហារ។
38. ពេលអ្នកខាងគណៈផារិស៊ីនោះឃើញដូច្នេះ គាត់ក៏ងឿងឆ្ងល់ដែលព្រះអង្គមិនបានធ្វើពិធីលាងសំអាតនៅមុនពេលបរិភោគអាហារ។