1. ថ្ងៃមួយ កាលព្រះយេស៊ូកំពុងអធិស្ឋាននៅកន្លែងមួយ ហើយពេលអធិស្ឋានចប់ សិស្សម្នាក់ក្នុងចំណោមសិស្សរបស់ព្រះអង្គទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបង្រៀនយើងឲ្យចេះអធិស្ឋានដូចជាលោកយ៉ូហានបានបង្រៀនពួកសិស្សរបស់គាត់ដែរ»។
2. ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «នៅពេលអ្នករាល់គ្នាអធិស្ឋាន ចូរនិយាយថា ឱ ព្រះវរបិតាអើយ! សូមឲ្យព្រះនាមរបស់ព្រះអង្គបានបរិសុទ្ធ សូមឲ្យរាជ្យរបស់ព្រះអង្គបានមកដល់។
3. សូមប្រទានអាហារប្រចាំថ្ងៃដល់យើងខ្ញុំជារៀងរាល់ថ្ងៃ។
4. សូមលើកលែងទោសបាបរបស់យើងខ្ញុំ ដ្បិតយើងខ្ញុំក៏បានលើកលែងទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយកុំបណ្ដោយឲ្យយើងខ្ញុំទៅក្នុងសេចក្ដីល្បួងឡើយ»។
5. ព្រះអង្គក៏មានបន្ទូលទៅពួកគេទៀតថា៖ «សន្មតថា ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានសម្លាញ់ ហើយអ្នកនោះបានមករកសម្លាញ់របស់ខ្លួនទាំងកណ្ដាលអធ្រាត្រ និងបាននិយាយថា សម្លាញ់អើយ! ឲ្យខ្ញុំខ្ចីនំប៉័ងបីដុំមក
6. ដ្បិតសម្លាញ់ខ្ញុំម្នាក់បានធ្វើដំណើរមកលេងខ្ញុំ ហើយខ្ញុំគ្មានអ្វីរៀបចំទទួលគាត់ទេ។
7. សម្លាញ់នោះក៏តបពីខាងក្នុងមកវិញថា កុំរំខានខ្ញុំអី ទ្វារក៏បានបិទរួចហើយ ឯកូនៗរបស់ខ្ញុំនៅលើគ្រែជាមួយខ្ញុំដែរ ខ្ញុំមិនអាចក្រោកយកអ្វីឲ្យអ្នកបានទេ។
8. ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបីជាអ្នកនោះមិនក្រោកឡើងយកអ្វីឲ្យគាត់ ដោយព្រោះគាត់ជាសម្លាញ់នឹងគ្នាក៏ដោយ ក៏គង់តែអ្នកនោះក្រោកឡើងយកឲ្យគាត់តាមសេចក្ដីត្រូវការដោយព្រោះការទទូចសុំរបស់គាត់ដែរ។
9. ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសុំ នោះអ្នករាល់គ្នានឹងបានទទួល ចូររក នោះអ្នករាល់គ្នានឹងរកឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នករាល់គ្នា។
10. ដ្បិតអ្នកណាសុំ នោះបានទទួល អ្នកណារក នោះបានឃើញ ហើយអ្នកណាគោះ នោះនឹងបើកឲ្យ
11. តើមានឪពុកណាក្នុងចំណោមអ្នករាល់គ្នាឲ្យពស់វែកដល់កូន ពេលកូនសុំត្រីដែរឬទេ?
12. ឬឲ្យខ្យាដំរីដល់កូន ពេលកូនសុំពងមាន់ដែរឬទេ?