11. ហើយបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលបានប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញគង់នៅក្នុងអ្នករាល់គ្នា នោះព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ នឹងប្រោសរូបកាយដែលតែងតែស្លាប់របស់អ្នករាល់គ្នាឲ្យរស់ឡើងវិញមិនខានដែរ តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា។
12. ដូច្នេះ បងប្អូនអើយ! យើងជំពាក់ ប៉ុន្ដែមិនមែនជំពាក់ចំពោះសាច់ឈាម ដើម្បីរស់នៅតាមសាច់ឈាមនោះទេ
13. ព្រោះបើអ្នករាល់គ្នារស់នៅតាមសាច់ឈាម នោះអ្នករាល់គ្នានឹងត្រូវស្លាប់ ផ្ទុយទៅវិញ បើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយដោយព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងមានជីវិត។
14. ដ្បិតអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដឹកនាំ អ្នកទាំងនោះជាកូនរបស់ព្រះជាម្ចាស់។
15. អ្នករាល់គ្នាក៏មិនបានទទួលវិញ្ញាណដែលធ្វើឲ្យអ្នករាល់គ្នាត្រលប់ជាបាវបម្រើ ដែលនាំឲ្យមានការភ័យខ្លាចទៀតទេ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណដែលធ្វើឲ្យអ្នករាល់គ្នាត្រលប់ជាកូនចិញ្ចឹមរបស់ព្រះជាម្ចាស់ រួចដោយសារវិញ្ញាណនេះហើយបានជាយើងស្រែកថា អ័ប្បា ព្រះវរបិតាអើយ!
16. ឯព្រះវិញ្ញាណផ្ទាល់ក៏បានធ្វើបន្ទាល់ជាមួយវិញ្ញាណរបស់យើងដែរថា យើងជាកូនរបស់ព្រះជាម្ចាស់។
17. បើយើងជាកូន យើងជាអ្នកស្នងមរតក គឺជាអ្នកស្នងមរតករបស់ព្រះជាម្ចាស់ ហើយជាអ្នកស្នងមរតករួមជាមួយព្រះគ្រិស្ដដែរ។ បើយើងរងទុក្ខវេទនាជាមួយព្រះគ្រិស្ដ ក៏យើងទទួលសិរីរុងរឿងរួមជាមួយព្រះអង្គដែរ។
18. ខ្ញុំយល់ឃើញថា ទុក្ខលំបាកពេលបច្ចុប្បន្ននេះជាសេចក្ដីដែលមិនស័ក្ដិសមយកទៅប្រៀបផ្ទឹមជាមួយសិរីរុងរឿងនៅពេលខាងមុខ ដែលព្រះជាម្ចាស់នឹងបើកសម្ដែងឲ្យយើងឃើញនោះទេ