25. គឺព្រះជាម្ចាស់បានប្រគល់ព្រះយេស៊ូទុកជាយញ្ញបូជាប្រោសលោះដោយសារឈាមរបស់ព្រះអង្គតាមរយៈជំនឿ ដើម្បីបង្ហាញពីសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនបានដាក់ទោសបាបដែលមនុស្សបានប្រព្រឹត្ដកាលពីមុនទេ
26. ដោយសារសេចក្ដីអត់ធ្មត់របស់ព្រះអង្គ ដើម្បីបង្ហាញសេចក្ដីសុចរិតរបស់ព្រះអង្គនៅគ្រានេះ ដូច្នេះ ព្រះអង្គផ្ទាល់សុចរិត ព្រមទាំងរាប់អស់អ្នកដែលជឿលើព្រះយេស៊ូជាសុចរិតដែរ។
27. ដូច្នេះហើយ តើយើងមានអ្វីអួតអាង? គ្មានទេ! ចុះសំអាងលើគោលការណ៍អ្វី? គោលការណ៍នៃការប្រព្រឹត្ដិឬ? ទេ មិនមែនទេ គឺសំអាងលើក្រឹត្យក្រមនៃជំនឿវិញ!
28. ដ្បិតយើងយល់ឃើញថា មនុស្សម្នាក់ត្រូវបានរាប់ជាសុចរិតដោយសារជំនឿ មិនមែនដោយសារការប្រព្រឹត្ដិតាមគម្ពីរវិន័យទេ។
29. តើព្រះជាម្ចាស់ជាព្រះរបស់ជនជាតិយូដាប៉ុណ្ណោះឬ? តើមិនមែនជាព្រះរបស់សាសន៍ដទៃដែរទេឬ? មែនហើយ ព្រះអង្គជាព្រះរបស់សាសន៍ដទៃដែរ
30. ព្រោះមានព្រះជាម្ចាស់តែមួយអង្គទេ ព្រះអង្គនឹងរាប់អ្នកកាត់ស្បែក និងអ្នកមិនកាត់ស្បែកជាសុចរិតដោយសារជំនឿ។
31. ដូច្នេះ តើយើងនឹងទុកគម្ពីរវិន័យជាឥតប្រយោជន៍ដោយព្រោះជំនឿឬ? មិនមែនដូច្នោះទេ! ផ្ទុយទៅវិញ យើងលើកស្ទួយគម្ពីរវិន័យ។