14. សូមជម្រាបសួរដល់លោកអ័ស៊ីងគ្រីត លោកភ្លេកូន លោកហើម៉ាស លោកប៉ាត្រូបាស លោកហើមេស និងបងប្អូនទាំងឡាយដែលនៅជាមួយពួកគេដែរ។
15. សូមជម្រាបសួរដល់លោកភីឡូឡូក និងនាងយូលី លោកនេរើស និងប្អូនស្រីរបស់គាត់ព្រមទាំងលោកអូលីមប៉ាស និងពួកបរិសុទ្ធទាំងអស់ដែលនៅជាមួយពួកគេ។
16. ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយការថើបបរិសុទ្ធ ហើយក្រុមជំនុំទាំងអស់របស់ព្រះគ្រិស្ដក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។
17. បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យប្រយ័ត្នចំពោះពួកអ្នកដែលបង្កឲ្យមានការបែកបាក់ និងការជំពប់ដួលដែលផ្ទុយពីការបង្រៀនដែលអ្នករាល់គ្នាបានទទួល គឺចូរនៅឲ្យឆ្ងាយពីពួកគេ
18. ដ្បិតពួកមនុស្សបែបនេះមិនបម្រើព្រះគ្រិស្ដជាព្រះអម្ចាស់របស់យើងទេ គឺពួកគេបម្រើក្រពះរបស់ពួកគេប៉ុណ្ណោះ ហើយបញ្ឆោតមនុស្សស្លូតត្រង់ដោយពាក្យសំដីផ្អែមល្ហែម និងពាក្យបញ្ជោរ។
19. ដោយសារមនុស្សទាំងអស់បានដឹងអំពីការស្ដាប់បង្គាប់របស់អ្នករាល់គ្នា ដូច្នេះហើយបានជាខ្ញុំត្រេកអរណាស់ចំពោះអ្នករាល់គ្នា តែខ្ញុំចង់ឲ្យអ្នករាល់គ្នាមានប្រាជ្ញាខាងការល្អ ហើយមិនពាក់ព័ន្ធខាងការអាក្រក់។
20. ព្រះជាម្ចាស់នៃសេចក្ដីសុខសាន្ដនឹងកម្ទេចអារក្សសាតាំងឲ្យនៅក្រោមជើងរបស់អ្នករាល់គ្នាក្នុងពេលឆាប់ៗនេះ។ ដូច្នេះ សូមឲ្យអ្នករាល់គ្នាប្រកបដោយព្រះគុណរបស់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើង។
21. លោកធីម៉ូថេជាអ្នករួមការងារជាមួយខ្ញុំ និងលោកលូគាស លោកយ៉ាសុន លោកសូសិប៉ាត្រុស ជាសាច់ញាតិរបស់ខ្ញុំក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។
22. ខ្ញុំឈ្មោះទើទាសជាអ្នកសរសេរសំបុត្ររបស់លោកប៉ូលនេះ ក៏សូមជម្រាបសួរដល់អ្នករាល់គ្នានៅក្នុងព្រះអម្ចាស់ដែរ។
23. លោកកៃយ៉ូសជាម្ចាស់ផ្ទះដែលទទួលខ្ញុំ ព្រមទាំងក្រុមជំនុំទាំងអស់បានជម្រាបសួរមកអ្នករាល់គ្នា ឯលោកអេរ៉ាស្ទុស ជាអ្នកគ្រប់គ្រងឃ្លាំងប្រាក់របស់ក្រុង និងលោកក្លើតុសជាបងប្អូនក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។
24. [សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើង អាម៉ែន។]
25. ព្រះជាម្ចាស់មានសមត្ថភាពធ្វើឲ្យអ្នករាល់គ្នារឹងមាំតាមរយៈដំណឹងល្អរបស់ខ្ញុំ គឺជាសេចក្ដីប្រកាសអំពីព្រះយេស៊ូគ្រិស្ដ ស្របតាមការបើកសំដែងអំពីអាថ៌កំបាំងដែលបានលាក់ទុកជាយូរមកហើយ
26. ប៉ុន្ដែឥឡូវនេះ បានបើកសំដែងឲ្យជនជាតិទាំងអស់បានដឹងតាមរយៈបទគម្ពីររបស់អ្នកនាំព្រះបន្ទូល ស្របតាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ដ៏អស់កល្បជានិច្ច ដើម្បីឲ្យគេស្ដាប់បង្គាប់ដោយជំនឿ
27. សូមឲ្យព្រះជាម្ចាស់ដ៏មានប្រាជ្ញាតែមួយអង្គគត់ បានប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូគ្រិស្ដ អាម៉ែន៕