10. ហើយមានសេចក្ដីមួយទៀតចែងទុកថា៖ «ពួកសាសន៍ដទៃអើយ! ចូរអរសប្បាយជាមួយប្រជារាស្ដ្ររបស់ព្រះអង្គចុះ!»
11. រួចមានសេចក្ដីចែងទុកទៀតថា៖ «ពួកសាសន៍ដទៃអើយ! ចូរសរសើរព្រះអម្ចាស់ ជនទាំងឡាយអើយ! ចូរសរសើរព្រះអង្គចុះ!»
12. ក្នុងសេចក្ដីមួយទៀត លោកអេសាយបានថ្លែងថា៖ «នឹងមានឫសរបស់លោកអ៊ីសាយមួយកើតមក ដើម្បីគ្រប់គ្រងពួកសាសន៍ដទៃ ហើយពួកសាសន៍ដទៃនឹងសង្ឃឹមលើព្រះអង្គ»
13. ដូច្នេះ សូមឲ្យព្រះជាម្ចាស់នៃសេចក្ដីសង្ឃឹមបំពេញអ្នករាល់គ្នាដោយអំណរគ្រប់បែបយ៉ាង និងសេចក្ដីសុខសាន្តតាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមហូរហៀរដោយអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធ។
14. បងប្អូនអើយ! ខ្ញុំជឿជាក់ចំពោះអ្នករាល់គ្នាថា អ្នករាល់គ្នាពេញដោយសេចក្ដីល្អ និងពេញដោយចំណេះដឹងគ្រប់បែបយ៉ាង ព្រមទាំងអាចដាស់តឿនគ្នាទៅវិញទៅមកបានដែរ
15. ប៉ុន្ដែខ្ញុំបានសរសេរអំពីចំណុចខ្លះផ្ញើមកអ្នករាល់គ្នាដោយចិត្ដក្លាហាន ដើម្បីរំឮកអ្នករាល់គ្នា ដោយសារព្រះគុណដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំ
16. គឺឲ្យខ្ញុំធ្វើជាអ្នកបម្រើព្រះគ្រិស្ដយេស៊ូសម្រាប់សាសន៍ដទៃ ហើយបំពេញតួនាទីជាសង្ឃសម្រាប់ដំណឹងល្អរបស់ព្រះជាម្ចាស់ ដើម្បីនាំសាសន៍ដទៃមកថ្វាយព្រះជាម្ចាស់ទុកជាតង្វាយដែលព្រះអង្គសព្វព្រះហឫទ័យទទួលយក និងដែលបានញែកជាបរិសុទ្ធដោយព្រះវិញ្ញាណបរិសុទ្ធ។
17. ដូច្នេះ នៅក្នុងព្រះគ្រិស្ដយេស៊ូ ខ្ញុំមានហេតុផលអួតអំពីកិច្ចការទាំងឡាយដែលខ្ញុំបានធ្វើថ្វាយព្រះជាម្ចាស់
18. ដ្បិតខ្ញុំមិនហ៊ាននិយាយអំពីអ្វីឡើយ ក្រៅពីអ្វីដែលព្រះគ្រិស្ដបានធ្វើតាមរយៈខ្ញុំសម្រាប់ការនាំសាសន៍ដទៃឲ្យស្ដាប់បង្គាប់ តាមរយៈពាក្យសំដី និងការប្រព្រឹត្ដិ
19. ដោយអំណាចនៃទីសំគាល់ ការអស្ចារ្យ និងអំណាចនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ ខ្ញុំបានប្រកាសដំណឹងល្អអំពីព្រះគ្រិស្ដនៅគ្រប់ទីកន្លែង តាំងពីក្រុងយេរូសាឡិមរហូតដល់ស្រុកអ៊ីលីរីកុន។