5. គឺសូម្បីតែប្អូនៗរបស់ព្រះអង្គ ក៏មិនជឿព្រះអង្គដែរ
6. ដូច្នេះព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពេលវេលារបស់បងមិនទាន់មកដល់ទេ ប៉ុន្ដែប្អូនរាល់គ្នាធ្វើអ្វីនៅពេលណាក៏បាន។
7. មនុស្សលោកមិនអាចស្អប់ប្អូនរាល់គ្នាបានទេ ប៉ុន្ដែគេស្អប់បង ព្រោះបងធ្វើបន្ទាល់ពីគេថា ការប្រព្រឹត្ដិរបស់គេជាសេចក្ដីអាក្រក់
8. ដូច្នេះចូរប្អូនរាល់គ្នាទៅចូលរួមពិធីបុណ្យចុះ រីឯបងវិញ មិនទៅចូលរួមពិធីបុណ្យនោះទេ ព្រោះពេលវេលារបស់បងមិនទាន់មកដល់»
9. កាលព្រះអង្គមានបន្ទូលអំពីសេចក្ដីទាំងនេះរួចហើយ ព្រះអង្គក៏នៅក្នុងស្រុកកាលីឡេតទៅទៀត។
10. ប៉ុន្ដែ ក្រោយពេលប្អូនៗរបស់ព្រះអង្គបានទៅចូលរួមពិធីបុណ្យអស់ ព្រះអង្គក៏យាងទៅដែរ គឺទៅជាសម្ងាត់មិនឲ្យគេដឹងឡើយ។
11. ពួកជនជាតិយូដាបានរកព្រះអង្គនៅក្នុងពិធីបុណ្យនោះ ដោយសួរថា៖ «តើអ្នកនោះនៅឯណា?»
12. នោះក៏កើតមានការខ្សឹបខ្សៀវជាច្រើនក្នុងចំណោមបណ្តាជនអំពីព្រះអង្គ មានអ្នកខ្លះថា៖ «គាត់ជាមនុស្សល្អ» ប៉ុន្ដែខ្លះទៀតថា «ទេ គឺគាត់កំពុងបោកបញ្ឆោតបណ្តាជន»។
13. ទោះយ៉ាងណាក្ដី ក៏គ្មានអ្នកណានិយាយអំពីព្រះអង្គដោយបើកចំហដែរ ព្រោះខ្លាចពួកជនជាតិយូដា។
14. ពេលពិធីបុណ្យឈានដល់ពាក់កណ្តាល ព្រះយេស៊ូក៏យាងទៅបង្រៀននៅក្នុងព្រះវិហារ
15. ពេលនោះពួកជនជាតិយូដាឆ្ងល់ថា៖ «អ្នកនេះមិនដែលរៀនអ្វីឡើយ ចុះហេតុអ្វីបានជាគាត់ចេះបទគម្ពីរច្រើនម៉្លេះ?»
16. ព្រះយេស៊ូក៏មានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំមិនបង្រៀនអំពីសេចក្ដីបង្រៀនរបស់ខ្ញុំទេ ប៉ុន្ដែជាសេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក
17. បើអ្នកណាចង់ធ្វើតាមបំណងរបស់ព្រះអង្គ អ្នកនោះមុខជាដឹងអំពីសេចក្ដីបង្រៀននេះ ថាតើជាសេចក្ដីបង្រៀនមកពីព្រះជាម្ចាស់ ឬខ្ញុំនិយាយតែពីខ្លួនខ្ញុំ។
18. អ្នកណានិយាយតែពីខ្លួនឯង អ្នកនោះរកកិត្តិយសផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែអ្នកណាស្វែងរកសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលចាត់ខ្លួនឲ្យមក អ្នកនោះជាអ្នកពិតត្រង់ ហើយគ្មានសេចក្ដីទុច្ចរិតនៅក្នុងខ្លួនសោះ។
19. តើលោកម៉ូសេមិនបានប្រគល់គម្ពីរវិន័យឲ្យអ្នករាល់គ្នាទេឬ? ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ប្រពឹ្រត្តតាមក្រឹត្យវិន័យនោះឡើយ ហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំ?»
20. បណ្តាជនក៏ឆ្លើយថា៖ «អ្នកត្រូវអារក្សចូលហើយ! តើអ្នកណារកសម្លាប់អ្នក?»
21. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំបានធ្វើការមួយ ហើយអ្នកទាំងអស់គ្នាបែរជាងឿងឆ្ងល់ទៅវិញ
22. លោកម៉ូសេបានឲ្យពិធីកាត់ស្បែកដល់អ្នករាល់គ្នា (ពិធីនោះមិនបានមកពីលោកម៉ូសេទេ គឺបានមកពីដូនតា) ហើយនៅថ្ងៃសប្ប័ទ អ្នករាល់គ្នាក៏កាត់ស្បែកឲ្យមនុស្សដែរ។