19. ព្រះយេស៊ូក៏មានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា ព្រះរាជបុត្រាមិនអាចធ្វើការអ្វីមួយដោយខ្លួនឯងបានទេ លុះត្រាតែព្រះអង្គឃើញព្រះវរបិតាធ្វើការនោះ ដ្បិតការអ្វីដែលព្រះវរបិតាធ្វើ នោះព្រះរាជបុត្រាក៏ធ្វើការដូច្នោះដែរ
20. ព្រោះព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រា ហើយបានបង្ហាញព្រះរាជបុត្រាពីកិច្ចការទាំងអស់ដែលព្រះអង្គធ្វើ រួចព្រះអង្គនឹងបង្ហាញព្រះរាជបុត្រាពីកិច្ចការដែលធំជាងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាស្ងើចសរសើរ
21. ដ្បិតព្រះវរបិតាប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយប្រទានជីវិតដល់គេជាយ៉ាងណា នោះព្រះរាជបុត្រាក៏ប្រទានជីវិតដល់អស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យជាយ៉ាងនោះដែរ
22. ហើយព្រះវរបិតាមិនជំនុំជម្រះអ្នកណាទេ ប៉ុន្ដែព្រះអង្គប្រគល់ឲ្យព្រះរាជបុត្រាជំនុំជម្រះទាំងអស់
23. ដើម្បីឲ្យមនុស្សគ្រប់គ្នាគោរពព្រះរាជបុត្រា ដូចជាគោរពព្រះវរបិតាដែរ។ អ្នកណាដែលមិនគោរពព្រះរាជបុត្រា នោះក៏មិនគោរពព្រះវរបិតាដែលចាត់ព្រះរាជបុត្រាឲ្យមកដែរ។
24. ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាស្តាប់ពាក្យរបស់ខ្ញុំ ហើយជឿព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច មិនជាប់សេចក្ដីជំនុំជម្រះទេ គឺត្រូវបានចម្លងឲ្យផុតពីសេចក្តីស្លាប់ទៅឯជីវិតវិញ។
25. ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា នឹងមានពេលមួយមកដល់ គឺពេលនេះហើយដែលមនុស្សស្លាប់នឹងឮសំឡេងព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលឮនឹងមានជីវិត។
26. ព្រះវរបិតាមានជីវិតនៅក្នុងព្រះអង្គផ្ទាល់យ៉ាងណា នោះព្រះអង្គក៏ប្រទានឲ្យព្រះរាជបុត្រាមានជីវិតនៅក្នុងព្រះអង្គផ្ទាល់យ៉ាងនោះដែរ
27. ហើយព្រះអង្គបានប្រទានសិទ្ធិអំណាចឲ្យព្រះរាជបុត្រាជំនុំជម្រះ ព្រោះព្រះរាជបុត្រាជាកូនមនុស្ស
28. ចូរកុំឆ្ងល់ពីសេចក្តីនេះឡើយ ដ្បិតនឹងមានពេលមួយមកដល់ គឺពួកមនុស្សស្លាប់ទាំងអស់ដែលនៅក្នុងផ្នូរនឹងឮសំឡេងរបស់ព្រះរាជបុត្រា
29. ហើយចេញមក អស់អ្នកប្រព្រឹត្តល្អនឹងរស់ឡើងវិញដើម្បីមានជីវិត រីឯអស់អ្នកប្រព្រឹត្តអាក្រក់នឹងរស់ឡើងវិញដើម្បីទទួលការជំនុំជម្រះ
30. ដូច្នេះខ្ញុំមិនអាចធ្វើការអ្វីមួយដោយខ្លួនឯងបានទេ ខ្ញុំជំនុំជម្រះតាមតែខ្ញុំឮ ហើយការជំនុំជម្រះរបស់ខ្ញុំក៏សុចរិត ព្រោះខ្ញុំមិនធ្វើតាមបំណងរបស់ខ្លួនឯងទេ គឺតាមបំណងរបស់ព្រះជាម្ចាស់ដែលចាត់ខ្ញុំឲ្យមកនោះវិញ។
31. បើខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ នោះសេចក្តីបន្ទាល់របស់ខ្ញុំមិនពិតទេ