គម្ពីរសញ្ញាថ្មី

យ៉ូហាន 1:24-35 Khmer Christian Bible (KCB)

24. ពួកអ្នក​ដែល​គេ​បាន​ចាត់​ឲ្យ​មក​នេះ​ ពួកគេ​មកពី​ខាង​គណៈ​ផារិស៊ី​

25. ហើយ​ពួកគេ​សួរ​គាត់​ម្ដង​ទៀត​ថា៖​ «បើ​អ្នក​មិនមែន​ជា​ព្រះគ្រិស្ដ​ ឬ​លោក​អេលីយ៉ា​ ឬ​អ្នក​នាំ​ព្រះបន្ទូល​ទេ ​ហេតុអ្វី​បាន​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដូច្នេះ?»​

26. លោក​យ៉ូហាន​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​ ប៉ុន្ដែ​មាន​ព្រះ​មួយ​អង្គ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដែល​អ្នក​រាល់គ្នា​មិន​ស្គាល់​

27. ព្រះអង្គ​យាង​មក​ក្រោយ​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្តិសម​នឹង​ស្រាយ​ខ្សែ​ស្បែកជើង​ឲ្យ​ព្រះអង្គ​ផង»។​

28. ហេតុ​ការណ៍​ទាំង​នេះ​បាន​កើត​ឡើង​ក្នុង​ក្រុង​បេថានី ​នៅ​ត្រើយ​ម្ខាង​នៃ​អូរ​យ័រដាន់​ ជា​កន្លែង​ដែល​លោក​យ៉ូហាន​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក។​

29. ថ្ងៃ​បន្ទាប់​មក​ លោក​យ៉ូហាន​បាន​ឃើញ​ព្រះយេស៊ូ​យាង​មកឯ​គាត់​ នោះ​គាត់​និយាយ​ថា៖​ «មើល៍​ នោះ​ជា​កូន​ចៀម​របស់​ព្រះជាម្ចាស់​ដែល​ដក​យក​បាប​របស់​មនុស្ស​លោក​

30. គឺ​ព្រះអង្គ​នេះ​ហើយ​ដែល​ខ្ញុំ​ប្រាប់​ថា​ ជា​ព្រះ​មួយ​អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ​ ហើយ​ត្រលប់​ជា​មុន​ខ្ញុំ​ ដ្បិត​ព្រះអង្គ​បាន​គង់​នៅ​មុន​ខ្ញុំ។​

31. ខ្ញុំ​មិន​បាន​ស្គាល់​ព្រះអង្គ​ទេ​ ដូច្នេះ​បាន​ជា​ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​ ដើម្បី​ឲ្យ​អ៊ីស្រាអែល​ស្គាល់​ព្រះអង្គ»។​

32. លោក​យ៉ូហាន​បាន​ធ្វើ​បន្ទាល់​ថា៖​ «ខ្ញុំ​បាន​ឃើញ​ព្រះវិញ្ញាណ​យាង​ចុះ​ពី​ស្ថានសួគ៌​ ដូច​ជា​សត្វ​ព្រាប​ មក​សណ្ឋិត​លើ​ព្រះអង្គ​

33. ខ្ញុំ​មិន​បាន​ស្គាល់​ព្រះអង្គ​ទេ ​ប៉ុន្ដែ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​ បាន​មាន​បន្ទូល​ប្រាប់​ខ្ញុំ​ថា៖​ «ពេល​អ្នក​ឃើញ​ព្រះវិញ្ញាណ​យាង​ចុះ​មក​សណ្ឋិត​លើ​អ្នកណា​ គឺ​អ្នក​នោះ​ហើយ​ដែល​ធ្វើ​ពិ​ធី​ជ្រមុជ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ»។​

34. ដូច្នេះ​ ខ្ញុំ​បាន​ឃើញ​ ហើយ​បាន​ជា​ខ្ញុំ​ធ្វើ​បន្ទាល់​ថា​ គឺ​ព្រះអង្គ​នេះ​ហើយ​ ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់»។​

35. នៅ​ថ្ងៃ​បន្ទាប់​មក​ លោក​យ៉ូហាន​បាន​ឈរ​ម្ដង​ទៀត​ ជាមួយ​សិស្ស​របស់​គាត់​ពីរ​នាក់​

សូមអានជំពូកពេញលេញ យ៉ូហាន 1