17. ដ្បិតគម្ពីរវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ រីឯព្រះគុណ និងសេចក្ដីពិតមកតាមរយៈព្រះយេស៊ូគ្រិស្ដ
18. គ្មានអ្នកណាធ្លាប់ឃើញព្រះជាម្ចាស់ទេ មានតែព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលនៅនឹងព្រះឱរារបស់ព្រះវរបិតា គីព្រះរាជបុត្រានោះហើយបានសំដែងឲ្យស្គាល់ព្រះជាម្ចាស់។
19. កាលពួកជនជាតិយូដាបានចាត់ពួកសង្ឃ និងពួកលេវីពីក្រុងយេរូសាឡិមឲ្យមកសួរលោកយ៉ូហានថា៖ «តើអ្នកជានរណា?» គាត់បានធ្វើបន្ទាល់ដូចតទៅ
20. គឺគាត់បានប្រកាសដោយមិនបដិសេធ គឺប្រកាសថា៖ «ខ្ញុំមិនមែនជាព្រះគ្រិស្ដទេ»
21. នោះពួកគេសួរគាត់ថា ៖ «ដូច្នេះតើអ្នកជានរណា? តើអ្នកជាអេលីយ៉ាឬ?» គាត់ឆ្លើយថា៖ «មិនមែនខ្ញុំទេ!» ពួកគេសួរទៀតថា៖ «តើអ្នកជាអ្នកនាំព្រះបន្ទូលឬ?» គាត់ក៏ឆ្លើយថា៖ «ទេ!»
22. ដូច្នេះ ពួកគេក៏សួរទៀតថា៖ «តើអ្នកជានរណា? តើអ្នកថាខ្លួនអ្នកជានរណា ដើម្បីឲ្យយើងអាចមានចម្លើយសម្រាប់ពួកអ្នកដែលចាត់យើងឲ្យមក»
23. គាត់ឆ្លើយថា៖ «ខ្ញុំជាសំឡេងមួយកំពុងស្រែកនៅទីរហោឋានថា ចូរតម្រង់ផ្លូវរបស់ព្រះអម្ចាស់ ដូចដែលលោកអេសាយជាអ្នកនាំព្រះបន្ទូលបានថ្លែងទុក»។
24. ពួកអ្នកដែលគេបានចាត់ឲ្យមកនេះ ពួកគេមកពីខាងគណៈផារិស៊ី
25. ហើយពួកគេសួរគាត់ម្ដងទៀតថា៖ «បើអ្នកមិនមែនជាព្រះគ្រិស្ដ ឬលោកអេលីយ៉ា ឬអ្នកនាំព្រះបន្ទូលទេ ហេតុអ្វីបានជាអ្នកធ្វើពិធីជ្រមុជទឹកដូច្នេះ?»
26. លោកយ៉ូហានឆ្លើយទៅពួកគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជដោយទឹក ប៉ុន្ដែមានព្រះមួយអង្គនៅក្នុងចំណោមអ្នករាល់គ្នា ដែលអ្នករាល់គ្នាមិនស្គាល់
27. ព្រះអង្គយាងមកក្រោយខ្ញុំ ហើយខ្ញុំមិនស័ក្តិសមនឹងស្រាយខ្សែស្បែកជើងឲ្យព្រះអង្គផង»។