5. អ្នករាល់គ្នាបានដឹងសេចក្ដីទាំងនេះរួចហើយ ប៉ុន្ដែខ្ញុំចង់រំលឹកអ្នករាល់គ្នាថា ព្រះអម្ចាស់បានសង្គ្រោះប្រជាជនរបស់ព្រះអង្គឲ្យចេញផុតពីទឹកដីស្រុកអេស៊ីព្ទ ក្រោយមកទៀត ព្រះអង្គក៏បំផ្លាញពួកអ្នកដែលមិនជឿ
6. រីឯពួកទេវតាដែលមិនបានរក្សាឋានៈរបស់ខ្លួន ហើយបានបោះបង់ចោលលំនៅរបស់ខ្លួន នោះព្រះអង្គបានឃុំទុកក្នុងទីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច ទុកសម្រាប់ជំនុំជម្រះនៅថ្ងៃដ៏អស្ចារ្យនោះ
7. ដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងផ្សេងទៀតដែលនៅជុំវិញនោះដែរ ដែលបានប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ហើយដេញតាមចំណង់រួមភេទខុសធម្មតា ដូចជាពួកទេវតាទាំងនោះដែរ ពួកគេត្រលប់ជាគំរូអំពីការទទួលទណ្ឌកម្មនៅក្នុងភ្លើងអស់កល្បជានិច្ច។
8. ទោះជាយ៉ាងណាក៏ដោយ មនុស្សទាំងនោះក៏ដូច្នោះដែរ ពួកគេរវើរវាយ ហើយធ្វើឲ្យរូបកាយទៅជាស្មោកគ្រោក ទាំងបដិសេធអំណាចគ្រប់គ្រង និងជេរប្រមាថដល់ពួកអ្នកដែលប្រកបដោយសិរីរុងរឿងផង។
9. រីឯមហាទេវតាមីកែល ពេលគាត់ជជែកដេញដោល និងឈ្លោះប្រកែកជាមួយអារក្សសាតាំងអំពីសពរបស់លោកម៉ូសេ នោះគាត់មិនហ៊ានចោទប្រកាន់វាដោយពាក្យម្រមាថឡើយ គឺគាត់បាននិយាយថា៖ «សូមឲ្យព្រះអម្ចាស់បន្ទោសឯងចុះ»។
10. រីឯអ្នកទាំងនោះវិញ ពួកគេប្រមាថអ្វីៗដែលខ្លួនមិនស្គាល់ ហើយអ្វីៗដែលពួកគេស្គាល់តាមធម្មតាដូចសត្វតិរិច្ឆាន ពួកគេនឹងវិនាសដោយសារសេចក្ដីទាំងនោះវិញ។
11. វេទនាដល់អ្នកទាំងនោះហើយ ពីព្រោះពួកគេបានទៅតាមផ្លូវរបស់កាអ៊ីន និងបានស្ទុះចូលទៅក្នុងសេចក្ដីវង្វេងរបស់បាឡាម ដើម្បីបានកម្រៃ ហើយបានវិនាសនៅក្នុងការបះបោរបស់កូរេ
12. មនុស្សទាំងនោះជាស្នាមប្រឡាក់នៅក្នុងពិធីបរិភោគអាហាររួមគ្នាដោយក្ដីស្រឡាញ់របស់អ្នករាល់គ្នា ពួកគេបរិភោគជាមួយអ្នករាល់គ្នាដោយឥតភ័យខ្លាចឡើយ ពួកគេចិញ្ចឹមតែខ្លួនឯងទេ ពួកគេជាពពកគ្មានទឹកដែលត្រូវខ្យល់បក់ផាត់ទៅមក ជាដើមឈើនៅរដូវត្រជាក់ដែលគ្មានផ្លែ ងាប់ពីរដង ហើយត្រូវរម្លើងឫស
13. ពួកគេជារលកសមុទ្រដ៏កំណាច ដែលបែកពពុះចេញជាសេចក្ដីអាម៉ាស់របស់ខ្លួនឯង ជាផ្កាយវង្វេងទិស ដែលមានសេចក្ដីងងឹតសូន្យសុងអស់កល្បជានិច្ចបានបម្រុងទុកសម្រាប់ពួកគេ។
14. លោកហេណុកដែលជាតំណទីប្រាំពីរបន្ទាប់ពីលោកអ័ដាម គាត់បានថ្លែងទុកអំពីមនុស្សទាំងនោះថា មើល៍ ព្រះអម្ចាស់បានយាងមកជាមួយពួកបរិសុទ្ធរបស់ព្រះអង្គជាច្រើនអនេក