13. ព្រះយេស៊ូក៏មានបន្ទូលទៅនាយទាហាននោះថា៖ «ចូរទៅចុះ សូមឲ្យបានសម្រេចដូចដែលលោកជឿ» ឯបាវបម្រើរបស់គាត់ក៏បានជានៅវេលានោះឯង។
14. កាលព្រះយេស៊ូយាងចូលទៅក្នុងផ្ទះលោកពេត្រុស ព្រះអង្គបានទតឃើញម្ដាយក្មេករបស់គាត់កំពុងដេកគ្រុន
15. ព្រះអង្គពាល់ដៃគាត់ គាត់ក៏បានជាពីគ្រុន ហើយក្រោកឡើងបម្រើព្រះអង្គ។
16. នៅល្ងាចនោះ គេបាននាំមនុស្សជាច្រើនដែលមានអារក្សចូលមករកព្រះអង្គ ហើយព្រះអង្គបានបណ្ដេញវិញ្ញាណទាំងនោះដោយព្រះបន្ទូល ព្រមទាំងប្រោសអ្នកជំងឺឲ្យបានជាទាំងអស់គ្នា
17. ដើម្បីឲ្យបានសម្រេចសេចក្ដីដែលថ្លែងទុកមកតាមរយៈលោកអេសាយ ជាអ្នកនាំព្រះបន្ទូលថា «ព្រះអង្គបានទទួលយកជំងឺ ហើយផ្ទុកយកគ្រប់រោគារបស់យើង»។
18. ពេលព្រះយេស៊ូទតឃើញមនុស្សកុះករនៅជុំវិញព្រះអង្គ ព្រះអង្គក៏បង្គាប់ពួកសិស្សឲ្យឆ្លងទៅត្រើយម្ខាងទៀត។
19. មានគ្រូវិន័យម្នាក់ចូលមកជិតព្រះអង្គ ទូលថា៖ «លោកគ្រូ ខ្ញុំនឹងដើរតាមលោក ទោះលោកទៅទីណាក៏ដោយ»។
20. ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «សត្វកញ្ជ្រោងមានរូង ឯសត្វស្លាបលើមេឃមានសំបុក តែកូនមនុស្សគ្មានកន្លែងសម្រាប់ដាក់ក្បាលកើយឡើយ»
21. សិស្សរបស់ព្រះអង្គម្នាក់ទៀតបានទូលថា៖ «ព្រះអម្ចាស់អើយ! សូមអនុញ្ញាតឲ្យខ្ញុំទៅបញ្ចុះសពឪពុករបស់ខ្ញុំជាមុនសិន»
22. ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ ហើយទុកឲ្យមនុស្សស្លាប់បញ្ចុះគ្នាគេចុះ»។