45. ក្រោយមក ព្រះអង្គក៏យាងមកឯពួកសិស្សវិញ ហើយមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នានៅដេក និងសម្រាកដល់ពេលណាទៀត មើល៍ ជិតដល់ពេលកំណត់ហើយ កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃរបស់ពួកមនុស្សបាប
46. ចូរក្រោកឡើង យើងនាំគ្នាទៅ មើល៍ អ្នកក្បត់ខ្ញុំមកជិតដល់ហើយ»។
47. កាលព្រះអង្គកំពុងមានបន្ទូលនៅឡើយ នោះយូដាស ជាម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរក៏មកដល់ ហើយមានបណ្ដាជនជាច្រើនប្រដាប់ដោយដាវ និងដំបងមកជាមួយគាត់ដែរ អ្នកទាំងនោះមកពីខាងពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ប្រជាជន។
48. អ្នកក្បត់ព្រះអង្គម្នាក់នោះបានឲ្យសញ្ញាដល់ពួកគេ ដោយនិយាយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ ចូរចាប់គាត់ចុះ»
49. គាត់ចូលមកជិតព្រះយេស៊ូភ្លាម ហើយទូលថា៖ «ជម្រាបសួរលោកគ្រូ» រួចក៏ថើបព្រះអង្គ។
50. ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ! អ្នកមកដើម្បីអ្វី ចូរធ្វើចុះ» បន្ទាប់មក ពួកគេក៏ចូលមកជិត ហើយលូកដៃចាប់ព្រះយេស៊ូ
51. នោះមានម្នាក់ក្នុងចំណោមពួកអ្នកនៅជាមួយព្រះយេស៊ូ បានលូកដៃហូតដាវរបស់ខ្លួន កាប់ដាច់ត្រចៀកបាវបម្រើម្នាក់របស់សម្ដេចសង្ឃ
52. ពេលនោះព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរទុកដាវរបស់អ្នកទៅក្នុងកន្លែងរបស់វាវិញទៅ ដ្បិតអស់អ្នកដែលរើសយកដាវ នឹងស្លាប់ដោយដាវ
53. ឬមួយអ្នកគិតថា នៅពេលនេះ ខ្ញុំមិនអាចសុំព្រះវរបិតារបស់ខ្ញុំឲ្យព្រះអង្គប្រទានពួកទេវតាលើសពីដប់ពីរកងដល់ខ្ញុំបានទេឬ?
54. បើធ្វើដូច្នេះ តើបទគម្ពីរដែលចែងថា ត្រូវតែកើតឡើងដូច្នេះ នឹងអាចសម្រេចបានយ៉ាងដូចម្ដេច?»
55. នៅពេលនោះ ព្រះយេស៊ូក៏មានបន្ទូលទៅបណ្ដាជនថា៖ «តើអ្នករាល់គ្នាមកតទល់នឹងចោរឬអី បានជាមកចាប់ខ្ញុំទាំងមានដាវ និងដំបងដូច្នេះ? ខ្ញុំអង្គុយបង្រៀននៅក្នុងព្រះវិហាររាល់ថ្ងៃ នោះអ្នករាល់គ្នាមិនចាប់ខ្ញុំទេ
56. ប៉ុន្ដែការទាំងអស់នេះកើតឡើង ដើម្បីសម្រេចតាមបទគម្ពីររបស់អ្នកនាំព្រះបន្ទូល»។ ពេលនោះ ពួកសិស្សក៏រត់គេចខ្លួនចោលព្រះអង្គទាំងអស់គ្នា។
57. ពួកអ្នកដែលចាប់ព្រះយេស៊ូក៏នាំព្រះអង្គទៅឯសម្ដេចសង្ឃកៃផា ជាកន្លែងដែលពួកគ្រូវិន័យ និងពួកចាស់ទុំបានជួបជុំគ្នា។
58. លោកពេត្រុសបានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ក្នុងផ្ទះរបស់សម្ដេចសង្ឃ ហើយបានចូលទៅអង្គុយជាមួយពួកអ្នកបម្រើការនៅខាងក្នុង ដើម្បីមើលលទ្ធផល។
59. ពួកសម្ដេចសង្ឃ និងក្រុមបឹ្រក្សាកំពូលទាំងមូលបានរកភស្តុតាងក្លែងក្លាយប្រឆាំងព្រះយេស៊ូ ដើម្បីអាចសម្លាប់ព្រះអង្គបាន
60. ប៉ុន្ដែពួកគេរកមិនបានសោះ ទោះបីមានសាក្សីក្លែងក្លាយជាច្រើនបានចូលមកក៏ដោយ។ នៅទីបំផុត ក៏មានពីរនាក់បានចូលមក
61. និយាយថា៖ «ម្នាក់នេះបាននិយាយថា ខ្ញុំអាចបំផ្លាញព្រះវិហាររបស់ព្រះជាម្ចាស់បាន ហើយសង់ឡើងវិញក្នុងរយៈពេលបីថ្ងៃ»។