22. ហើយដរាបណាព្រះអម្ចាស់មិនបង្រួញថ្ងៃទាំងនោះទេ នោះគ្មានមនុស្សណាម្នាក់បានទទួលសេចក្ដីសង្គ្រោះឡើយ ប៉ុន្ដែព្រះអង្គបង្រួញថ្ងៃទាំងនោះសម្រាប់អស់អ្នកដែលព្រះអង្គបានជ្រើសរើស
23. នៅពេលនោះ ប្រសិនបើមាននរណាម្នាក់ប្រាប់អ្នករាល់គ្នាថា មើល៍នែ ព្រះគ្រិស្ដនៅទីនេះ ឬនៅទីនោះ ចូរកុំជឿឲ្យសោះ
24. ព្រោះពួកមនុស្សដែលក្លែងជាព្រះគ្រិស្ដ និងពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើននឹងក្រោកឡើង ហើយគេនឹងសំដែងទីសំគាល់ដ៏អស្ចារ្យ និងការអស្ចារ្យ ដើម្បីបោកបញ្ឆោត សូម្បីអស់អ្នកដែលត្រូវបានជ្រើសរើស ប្រសិនបើអាចធ្វើបាននោះ។
25. មើល៍ ខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុនរួចហើយ
26. ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា ព្រះអង្គនៅទីរហោឋាន នោះកុំចេញទៅឲ្យសោះ ឬថា មើល៍ ព្រះអង្គនៅក្នុងបន្ទប់ នោះកុំជឿឲ្យសោះ
27. ដ្បិតកូនមនុស្សនឹងមកដូចជាផ្លេកបន្ទោរជះពន្លឺពីទិសខាងកើតដល់ទិសខាងលិច
28. ទីណាមានសាកសព សត្វត្មាតប្រមូលផ្ដុំគ្នានៅទីនោះ។
29. ប៉ុន្ដែនៅក្រោយគ្រាទុក្ខវេទនាទាំងនោះភ្លាម ដួងអាទិត្យនឹងអាប់រស្មី ហើយលោកខែនឹងមិនបញ្ចេញពន្លឺទៀតទេ ឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនៅស្ថានសួគ៌នឹងរង្គោះរង្គើ។
30. នៅពេលនោះ ទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ ឯកុលសម្ព័ន្ធទាំងអស់នៅលើផែនដីនឹងកាន់ទុក្ខ ហើយពួកគេនឹងឃើញកូនមនុស្សមក នៅលើពពកនាអាកាសប្រកបដោយអំណាច និងសិរីរុងរឿងដ៏អស្ចារ្យ។
31. លោកនឹងចាត់ពួកទេវតារបស់លោក ដោយសំឡេងត្រែលាន់រំពង ហើយពួកទេវតានឹងប្រមូលអស់អ្នក ដែលលោកបានជ្រើសរើសទាំងបួនទិស គឺពីជើងមេឃម្ខាងរហូតដល់ជើងមេឃម្ខាងទៀត។
32. ចូររៀនពីរឿងប្រៀបប្រដូចអំពីដើមល្វាចុះ កាលណាមែកវាទន់ ហើយស្លឹកវាលាស់ឡើង នោះអ្នករាល់គ្នាដឹងថារដូវក្ដៅជិតមកដល់ហើយ
33. ដូច្នេះ កាលណាអ្នករាល់គ្នាឃើញហេតុការណ៍ទាំងអស់នេះកើតឡើង នោះអ្នករាល់គ្នាដឹងថា ពេលវេលាកាន់តែកៀកបំផុតហើយ។
34. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនស្លាប់អស់ឡើយ លុះត្រាតែហេតុការណ៍ទាំងអស់នេះកើតឡើងសិន។
35. ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ ប៉ុន្ដែពាក្យរបស់ខ្ញុំនឹងមិនរលាយបាត់សោះឡើយ។
36. ឯពេលវេលា និងថ្ងៃកំណត់ ក្រៅពីព្រះវរបិតាតែមួយអង្គគត់ គ្មានអ្នកណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៅស្ថានសួគ៌ ឬព្រះរាជបុត្រា
37. ដ្បិតនៅសម័យលោកណូអេមានកើតឡើងជាយ៉ាងណា កូនមនុស្សនឹងមកជាយ៉ាងនោះដែរ។
38. សម័យនោះ មុនមានទឹកជំនន់ ពួកគេស៊ីផឹក និងរៀបការជាប្ដីប្រពន្ធរហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ
39. គឺពួកគេមិនបានដឹងទាល់តែសោះ រហូតដល់ទឹកជំនន់មកដល់ ក៏ហូរនាំអ្វីៗទាំងអស់ទៅ ឯការមកដល់របស់កូនមនុស្សក៏នឹងកើតឡើងជាយ៉ាងនោះដែរ។