1. កាលព្រះយេស៊ូកំពុងយាងចេញពីព្រះវិហារទៅ ពួកសិស្សរបស់ព្រះអង្គក៏ចូលមកជិតព្រះអង្គ ហើយបង្ហាញព្រះអង្គពីអគារព្រះវិហារ។
2. ព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនឃើញរបស់ទាំងអស់នោះទេឬ? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ថ្មដែលត្រួតលើគ្នានៅទីនេះនឹងត្រូវរើចោលគ្មានសល់ឡើយ»។
3. កាលព្រះអង្គអង្គុយនៅលើភ្នំដើមអូលីវ នោះពួកសិស្សបានចូលមកជិតព្រះអង្គដាច់ឡែកពីគេ ទូលសួរថា៖ «សូមប្រាប់យើងផង តើការទាំងនេះនឹងកើតឡើងនៅពេលណា? តើទីសំគាល់នៃការមកដល់របស់លោក និងគ្រាចុងបញ្ចប់មានអ្វីខ្លះ?»
4. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាបានឡើយ
5. ដ្បិតមនុស្សជាច្រើននឹងមកក្នុងឈ្មោះខ្ញុំ ហើយថា ខ្ញុំនេះហើយជាព្រះគ្រិស្ដ ពួកគេនឹងបោកបញ្ឆោតមនុស្សជាច្រើន។
6. អ្នករាល់គ្នានឹងឮពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម ប៉ុន្ដែចូរប្រយ័ត្ន កុំជ្រួលច្របល់អី ព្រោះការទាំងអស់នេះត្រូវតែកើតឡើង ប៉ុន្តែមិនទាន់ដល់ទីបញ្ចប់ទេ
7. ដ្បិតជនជាតិមួយនឹងក្រោកឡើងទាស់នឹងជនជាតិមួយ ប្រទេសមួយទាស់នឹងប្រទេសមួយ ព្រមទាំងមានគ្រោះអត់ឃ្លាន និងការរញ្ជួយដីច្រើនកន្លែង
8. ទាំងអស់នេះជាការចាប់ផ្តើមនៃទុក្ខវេទនាដ៏សម្បើមដូចស្ដ្រីហៀបនឹងសម្រាលកូន
9. បន្ទាប់មក ពួកគេនឹងប្រគល់អ្នករាល់គ្នាទៅឲ្យមានសេចក្ដីវេទនា រួចពួកគេនឹងសម្លាប់អ្នករាល់គ្នា ហើយជនជាតិទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ
10. នៅពេលនោះ មនុស្សជាច្រើននឹងជំពប់ដួល ពួកគេក្បត់គ្នាទៅវិញទៅមក ហើយស្អប់គ្នាទៅវិញទៅមក។
11. អ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើននឹងក្រោកឡើង ហើយពួកគេនឹងបោកបញ្ឆោតមនុស្សជាច្រើន។
12. ព្រោះតែសេចក្ដីទុច្ចរិតកើនឡើង នោះសេចក្ដីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយទៅ
13. តែអ្នកដែលស៊ូទ្រាំដល់ទីបំផុត អ្នកនោះនឹងទទួលបានសេចក្ដីសង្គ្រោះ។
14. ដំណឹងល្អអំពីនគរព្រះជាម្ចាស់នេះ នឹងត្រូវប្រកាសទូទាំងពិភពលោក ទុកជាទីបន្ទាល់មួយដល់ជនជាតិទាំងអស់ បន្ទាប់មកទៀត ទីបញ្ចប់ក៏មកដល់។