1. នៅគ្រានោះ ពួកសិស្សបានចូលមកជិតព្រះយេស៊ូទូលថា៖ «ដូច្នេះ តើអ្នកធំជាងគេក្នុងនគរស្ថានសួគ៌ជានរណា?»
2. ព្រះអង្គក៏ហៅក្មេងម្នាក់ ហើយដាក់ក្មេងនោះនៅចំកណ្ដាលពួកគេ
3. រួចមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ដរាបណាអ្នករាល់គ្នាមិនប្រែចិត្ដ និងត្រលប់ដូចជាកូនក្មេងទេនោះ អ្នករាល់គ្នាមិនអាចចូលទៅក្នុងនគរស្ថានសួគ៌បានជាដាច់ខាត
4. ដូច្នេះឋ អ្នកណាបន្ទាបខ្លួនដូចក្មេងនេះឋ អ្នកនោះជាអ្នកធំជាងគេនៅក្នុងនគរស្ថានសួគ៌
5. ហើយបើអ្នកណាទទួលក្មេងម្នាក់ដូចក្មេងនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំហើយ
6. ប៉ុន្ដែបើអ្នកណាបណ្ដាលឲ្យអ្នកតូចតាចម្នាក់ក្នុងចំណោមអ្នកដែលជឿខ្ញុំទាំងនេះជំពប់ដួល នោះស៊ូឲ្យគេយកថ្មត្បាល់កិនដោយសត្វលា មកចងនឹងករបស់អ្នកនោះ ហើយពន្លិចទៅក្នុងបាតសមុទ្រ នោះប្រសើរជាង
7. វេទនាដល់មនុស្សលោក ដោយព្រោះតែសេចក្ដីដែលបណ្ដាលឲ្យជំពប់ដួល ដ្បិតសេចក្ដីនោះត្រូវតែកើតមាន ប៉ុន្ដែវេទនាដល់មនុស្សណាដែលនាំឲ្យកើតមានសេចក្ដីនោះ
8. ប្រសិនបើដៃ ឬជើងរបស់អ្នកបណ្ដាលឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ ហើយបោះចោលទៅ ដ្បិតបើអ្នកចូលទៅក្នុងជីវិតអស់កល្បដោយកំបុតដៃម្ខាង ឬកំបុតជើងម្ខាង នោះប្រសើរជាងមានដៃពីរ ឬជើងពីរ ប៉ុន្ដែត្រូវបោះទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច