16. ខ្ញុំបាននាំវាមករកពួកសិស្សរបស់លោកដែរ តែពួកគេមិនអាចប្រោសវាឲ្យជាបានទេ»។
17. ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ឱជំនាន់មនុស្សគ្មានជំនឿ និងមានចិត្ដវៀចអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំក្មេងនោះមកឯខ្ញុំនៅទីនេះ»។
18. ព្រះយេស៊ូបានបន្ទោសអារក្ស ហើយវាក៏ចេញពីក្មេងនោះ ក្មេងនោះក៏បានជាសះស្បើយចាប់តាំងពីពេលនោះមក។
19. បន្ទាប់មក ពួកសិស្សបានចូលមកជិតព្រះយេស៊ូដោយឡែកទូលសួរថា៖ «ហេតុអ្វីបានជាយើងមិនអាចបណ្ដេញអារក្សនោះបានដូច្នេះ?»
20. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិច ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់មូតាមួយគ្រាប់ ហើយនិយាយទៅកាន់ភ្នំនេះថា ចូររើចេញពីទីនោះ វានឹងត្រូវរើចេញ ហើយគ្មានអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតឡើយ
21. ប៉ុន្ដែអារក្សប្រភេទនេះមិនងាយបណ្ដេញចេញទេ លើកលែងតែអធិស្ឋាន និងតមអាហារ»។
22. កាលពួកគេមកជុំគ្នានៅស្រុកកាលីឡេ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃរបស់មនុស្ស
23. គេនឹងសម្លាប់លោក ប៉ុន្ដែលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី» ពេលពួកគេឮដូច្នេះ ក៏ព្រួយចិត្ដជាខ្លាំង។
24. កាលពួកគេមកដល់ក្រុងកាពើណិម នោះមានម្នាក់ជាអ្នកទារពន្ធចំនួនពីរដ្រាក់ម៉ាសម្រាប់ព្រះវិហារ បានចូលមកជិតលោកពេត្រុស សួរថា៖ «តើគ្រូរបស់ពួកអ្នកមិនបង់ពន្ធព្រះវិហារទេឬ?»
25. លោកពេត្រុសក៏តបថា៖ «បាទ» ហើយកាលមកដល់ក្នុងផ្ទះវិញ ព្រះយេស៊ូមានបន្ទូលជាមុនទៅគាត់ថា៖ «ស៊ីម៉ូនអើយ! អ្នកយល់យ៉ាងដូចម្ដេច តើស្ដេចនៅផែនដីនេះទារពន្ធដារ ឬសួយអាករពីនរណា? ពីកូនរបស់ខ្លួន ឬពីអ្នកដទៃ?»
26. គាត់ទូលតបវិញថា៖ «ពីអ្នកដទៃ» ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ដូច្នេះកូនស្ដេចមិនបាច់បង់ពន្ធទេ
27. ប៉ុន្ដែដើម្បីកុំឲ្យគេទាស់ចិត្ដ ចូរទៅបឹង ហើយបោះសន្ទូចចុះ រួចយកត្រីដែលជាប់សន្ទូចមុនគេ បើកមាត់វា នោះអ្នកនឹងឃើញកាក់មួយ ចូរយកកាក់នោះបង់ពន្ធឲ្យគេសម្រាប់ខ្ញុំ និងអ្នកចុះ»។