33. ពួកគេក៏មកដល់ក្រុងកាពើណិម ហើយនៅពេលចូលទៅក្នុងផ្ទះ ព្រះអង្គបានសួរពួកគេថា៖ «តើអ្នករាល់គ្នាសួរដេញដោលគ្នានៅតាមផ្លូវអំពីអ្វី?»
34. ប៉ុន្ដែពួកគេនៅស្ងៀម ព្រោះពួកគេសួរដេញដោលគ្នាទៅវិញទៅមកនៅតាមផ្លូវ ថាតើអ្នកណាធំជាងគេ
35. ព្រះអង្គក៏អង្គុយចុះ ហើយហៅសាវកទាំងដប់ពីរមក និងមានបន្ទូលទៅគេថា៖ «ប្រសិនបើអ្នកណាចង់ធ្វើជាទីមួយ អ្នកនោះត្រូវជាអ្នកនៅចុងក្រោយគេបង្អស់ ហើយជាអ្នកបម្រើគេគ្រប់គ្នា»
36. ព្រះអង្គក៏យកក្មេងតូចម្នាក់មកដាក់នៅកណ្ដាលពួកគេ រួចលើកពក្មេងនោះ និងមានបន្ទូលទៅគេថា៖
37. «អ្នកណាដែលទទួលក្មេងតូចម្នាក់ដូចក្មេងនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះមិនមែនទទួលតែខ្ញុំទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ»។
38. លោកយ៉ូហានទូលឆ្លើយទៅព្រះអង្គថា៖ «លោកគ្រូ យើងបានឃើញមនុស្សម្នាក់កំពុងបណ្ដេញអារក្សក្នុងនាមរបស់លោក ហើយយើងបានឃាត់គាត់ ព្រោះគាត់មិនមកតាមយើង»
39. តែព្រះយេស៊ូមានបន្ទូលថា៖ «កុំឃាត់គាត់អី ដ្បិតគ្មានអ្នកណាម្នាក់អាចធ្វើកិច្ចការដ៏មានអំណាចក្នុងនាមខ្ញុំ ហើយនិយាយអាក្រក់ពីខ្ញុំភ្លាមៗបានឡើយ
40. ដ្បិតអ្នកណាមិនប្រឆាំងយើង អ្នកនោះនៅខាងយើងហើយ
41. បើអ្នកណាយកទឹកមួយកែវឲ្យអ្នកផឹកក្នុងនាមខ្ញុំ និងព្រោះតែអ្នកជារបស់ព្រះគ្រិស្ដ ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកនោះនឹងមិនបាត់រង្វាន់ឡើយ
42. ប៉ុន្ដែបើអ្នកណាធ្វើឲ្យអ្នកតូចតាចម្នាក់ក្នុងចំណោមអ្នកជឿខ្ញុំទាំងនេះជំពប់ដួល ស៊ូឲ្យអ្នកនោះចងកនឹងត្បាល់ថ្មដែលកិនដោយសត្វលា ហើយឲ្យគេទម្លាក់ក្នុងសមុទ្រ នោះប្រសើរជាង