11. ហើយពួកគេទូលសួរព្រះអង្គថា៖ «តើហេតុអ្វីបានជាពួកគ្រូវិន័យនិយាយថា លោកអេលីយ៉ាចាំបាច់ត្រូវមកមុនដូច្នេះ?»
12. ព្រះអង្គមានបន្ទូលតបទៅគេថា៖ «លោកអេលីយ៉ាមកមុនមែន ដើម្បីស្ដារអ្វីៗទាំងអស់ឡើងវិញ មិនតែប៉ុណ្ណោះ ក៏មានសេចក្ដីចែងទុកអំពីកូនមនុស្សថា លោកត្រូវតែរងទុក្ខលំបាកជាច្រើន និងត្រូវគេជំទាស់ផង
13. ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមករួចហើយ តែពួកគេបានប្រព្រឹត្ដចំពោះគាត់តាមអំពើចិត្ដ ដូចដែលមានចែងទុកអំពីគាត់ស្រាប់»។
14. ពេលមកដល់ពួកសិស្សវិញ នោះក៏ឃើញមនុស្សកុះករ និងពួកគ្រូវិន័យព័ទ្ធជុំវិញពួកសិស្ស កំពុងសួរដេញដោលពួកគេ
15. ពេលបណ្ដាជនឃើញព្រះអង្គភ្លាម ក៏អស្ចារ្យក្នុងចិត្ដយ៉ាងខ្លាំង ទាំងរត់ទៅទទួលព្រះអង្គ
16. ព្រះអង្គសួរពួកគេថា៖ «តើអ្នករាល់គ្នាកំពុងសួរដេញដោលគ្នាអំពីអ្វី?»
17. នោះមនុស្សម្នាក់នៅក្នុងចំណោមបណ្ដាជនបានឆ្លើយនឹងព្រះអង្គថា៖ «លោកគ្រូអើយ! ខ្ញុំបាននាំកូនប្រុសខ្ញុំមករកលោក ព្រោះវាមានវិញ្ញាណគចូល
18. ហើយនៅពេលណាវាចូលកូនខ្ញុំម្ដងៗ វាផ្ដួលកូនខ្ញុំចុះ ធ្វើឲ្យបែកពពុះមាត់ សង្កៀតធ្មេញ និងរឹងខ្លួនក្រញង់ ឯខ្ញុំបានសុំឲ្យពួកសិស្សលោកបណ្ដេញវាចេញ ប៉ុន្ដែពួកគេមិនអាចធ្វើបាន»
19. ព្រះអង្គមានបន្ទូលតបទៅគេថា៖ «ឱ តំណមនុស្សគ្មានជំនឿអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំក្មេងនោះមកឯខ្ញុំ!»
20. គេក៏នាំក្មេងមកឯព្រះអង្គ ហើយពេលវិញ្ញាណនោះឃើញព្រះអង្គភ្លាម ក៏ធ្វើឲ្យក្មេងនោះប្រកាច់ដួលននៀលលើដី និងបែកពពុះមាត់ផង
21. ព្រះអង្គសួរទៅឪពុកក្មេងនោះថា៖ «តើការនេះបានកើតឡើងចំពោះក្មេងនេះតាំងពីពេលណាមក?» គាត់ទូលថា៖ «តាំងពីតូចមកម៉្លេះ
22. វិញ្ញាណនោះតែងតែធ្វើឲ្យកូនខ្ញុំដួលទៅក្នុងភ្លើង និងធ្លាក់ទៅក្នុងទឹកដើម្បីសម្លាប់វា តែបើលោកអាចជួយបាន សូមអាណិតមេត្ដាជួយយើងផង»
23. ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ប្រសិនបើអាចឬ? គ្រប់ការទាំងអស់នឹងបានសម្រេចសម្រាប់អ្នកជឿ»
24. ភ្លាមនោះ ឪពុកក្មេងបាននិយាយទាំងទ្រហោយំថា៖ «ខ្ញុំជឿហើយ សូមជួយភាពគ្មានជំនឿរបស់ខ្ញុំផង»
25. ដោយឃើញបណ្ដាជនកំពុងតែរត់មកជួបជុំគ្នា ព្រះយេស៊ូមានបន្ទូលបន្ទោសវិញ្ញាណអាក្រក់ថា៖ «វិញ្ញាណថ្លង់គ យើងបង្គាប់ឯង ចេញពីក្មេងនេះទៅ ហើយកុំចូលក្មេងនេះទៀត»
26. វាក៏ស្រែកឡើង ហើយធ្វើឲ្យក្មេងនោះប្រកាច់យ៉ាងខ្លាំង រួចក៏ចេញទៅ ឯក្មេងនោះដូចជាមនុស្សស្លាប់ ដូច្នេះបានជាមនុស្សជាច្រើននិយាយថា ក្មេងនោះស្លាប់ហើយ
27. តែព្រះយេស៊ូបានចាប់ដៃក្មេងនោះឲ្យក្រោកឈរឡើង ហើយវាក៏ឈរឡើង។
28. ព្រះអង្គក៏យាងចូលទៅក្នុងផ្ទះមួយ ហើយពួកសិស្សព្រះអង្គបានសួរព្រះអង្គដោយឡែកថា៖ «ហេតុអ្វីពួកយើងមិនអាចបណ្ដេញវិញ្ញាណនោះឲ្យចេញបាន?»