28. ពួកគេទូលព្រះអង្គថា៖ «គេនិយាយថាលោកជាលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាលោកជាលោកអេលីយ៉ា ហើយអ្នកខ្លះទៀតថាលោកជាម្នាក់នៅក្នុងចំណោមអ្នកនាំព្រះបន្ទូល»
29. ព្រះអង្គក៏មានបន្ទូលសួរទៅពួកសិស្សថា៖ «ចុះអ្នករាល់គ្នាវិញ ថាខ្ញុំជាអ្នកណាដែរ?» ពេត្រុសទូលឆ្លើយថា៖ «លោកជាព្រះគ្រិស្ដ»
30. ព្រះអង្គក៏ព្រមានមិនឲ្យពួកគេនិយាយប្រាប់អ្នកណាអំពីព្រះអង្គទេ។
31. រួចព្រះអង្គក៏ចាប់ផ្ដើមបង្រៀនពួកគេថា៖ «កូនមនុស្សត្រូវតែទទួលរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យជំទាស់ ហើយសម្លាប់ ប៉ុន្ដែបីថ្ងៃក្រោយមកនឹងរស់ឡើងវិញ»
32. ព្រះអង្គមានបន្ទូលអំពីការនេះត្រង់ៗ លោកពេត្រុសក៏នាំព្រះអង្គទៅដាច់ដោយឡែកពីគេ រួចក៏ចាប់ផ្ដើមទូលជំទាស់ព្រះអង្គ
33. តែព្រះអង្គបែរមកមើលពួកសិស្សព្រះអង្គ និងស្ដីបន្ទោសលោកពេត្រុសដោយមានបន្ទូលថា៖ «អារក្សសាតាំង ចូរថយទៅក្រោយយើង ដ្បិតឯងមិនគិតតាមគំនិតព្រះជាម្ចាស់ទេ តែគិតតាមគំនិតមនុស្សវិញ»។
34. កាលព្រះអង្គហៅពួកបណ្ដាជន និងពួកសិស្សព្រះអង្គឲ្យជួបជុំគ្នាហើយ ក៏មានបន្ទូលទៅគេថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវលះបង់ខ្លួនឯង ហើយលីឈើឆ្កាងខ្លួនមកតាមខ្ញុំ
35. ដ្បិតអ្នកណាដែលចង់រក្សាជីវិតខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់បង់ជីវិតដោយព្រោះខ្ញុំ និងដំណឹងល្អ អ្នកនោះនឹងបានជីវិតវិញ
36. ដ្បិតបើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូល ប៉ុន្ដែបាត់បង់ជីវិតខ្លួន តើមានប្រយោជន៍អ្វី?
37. តើមនុស្សយកអ្វីមកប្ដូរនឹងជីវិតខ្លួនបាន?
38. ដ្បិតអ្នកណាខ្មាសគេដោយសារខ្ញុំ និងពាក្យខ្ញុំ នៅជំនាន់មនុស្សដែលផិតក្បត់ និងពេញដោយបាបនេះ នោះកូនមនុស្សនឹងខ្មាសដោយសារអ្នកនោះវិញ នៅពេលដែលលោកមកនៅក្នុងសិរីរុងរឿងរបស់ព្រះវរបិតាជាមួយនឹងពួកទេវតាបរិសុទ្ធ»