12. ព្រះអង្គដកដង្ហើមធំ ហើយមានបន្ទូលថា៖ «ហេតុអ្វីមនុស្សជំនាន់នេះស្វែងរកទីសំគាល់? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានទីសំគាល់ណាប្រទានឲ្យមនុស្សនៅជំនាន់នេះទេ»
13. ព្រះអង្គក៏ចាកចេញពីគេ ហើយឡើងទូកវិញឆ្លងទៅត្រើយម្ខាង។
14. ប៉ុន្ដែពួកសិស្សភ្លេចយកនំប៉័ង ហើយនៅលើទូកពួកគេគ្មានអ្វីសោះ ក្រៅពីនំប៉័ងមួយដុំ
15. ហើយព្រះអង្គព្រមានពួកគេថា៖ «ចូរប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី និងមេនំប៉័ងរបស់ពួកអ្នកខាងគណៈហេរ៉ូឌ»
16. ពួកសិស្សសួរដេញដោលគ្នាពីការដែលពួកគេគ្មាននំប៉័ង
17. ពេលព្រះអង្គជ្រាប ក៏មានបន្ទូលទៅគេថា៖ «ហេតុអ្វីអ្នករាល់គ្នាសួរដេញដោលគ្នាពីការដែលអ្នករាល់គ្នាគ្មាននំប៉័ងដូច្នេះ? តើអ្នករាល់គ្នានៅតែមិនទាន់ដឹង មិនទាន់យល់ឬ? តើអ្នករាល់គ្នាមានចិត្ដរឹងរូសឬ?
18. តើអ្នករាល់គ្នាមានភ្នែកមើលមិនឃើញ មានត្រចៀកស្ដាប់មិនឮ ឬក៏អ្នករាល់គ្នាចាំមិនបាន?
19. នៅពេលដែលខ្ញុំកាច់នំប៉័ងប្រាំដុំឲ្យមនុស្សប្រាំពាន់នាក់ តើអ្នករាល់គ្នាប្រមូលនំបុ័ងនៅសល់បានពេញប៉ុន្មានកន្ដ្រក?» ពួកគេទូលព្រះអង្គថា៖ «ដប់ពីរកន្ដ្រក»
20. «ចុះពេលនំបុ័ងប្រាំពីរដុំសម្រាប់មនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលនំបុ័ងនៅសល់បានពេញប៉ុន្មានកន្ដ្រក?» ពួកគេទូលព្រះអង្គថា៖ «ប្រាំពីរកន្ដ្រក»
21. នោះព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នានៅតែមិនទាន់យល់ទៀតឬ?»
22. កាលពួកគេមកដល់ក្រុងបេតសៃដា បណ្ដាជនក៏នាំបុរសខ្វាក់ម្នាក់មករកព្រះអង្គ រួចសុំព្រះអង្គឲ្យព្រះអង្គពាល់គាត់
23. ព្រះអង្គបានដឹកដៃមនុស្សខ្វាក់នោះនាំចេញពីក្រុង ហើយព្រះអង្គក៏ស្ដោះទឹកមាត់ដាក់ភ្នែករបស់គាត់ និងដាក់ដៃលើគាត់ រួចសួរថា៖ «តើអ្នកមើលឃើញអ្វីទេ?»
24. គាត់ក៏សម្លឹងមើល រួចទូលថា៖ «ខ្ញុំមើលឃើញមនុស្ស តែខ្ញុំឃើញពួកគេដូចជាដើមឈើកំពុងដើរ»
25. បន្ទាប់មក ព្រះអង្គដាក់ដៃលើភ្នែកគាត់ម្ដងទៀត គាត់ខំសម្លឹងមើល ភ្នែកគាត់ក៏បានជាឡើងវិញ ហើយគាត់មើលឃើញអ្វីៗយ៉ាងច្បាស់
26. ព្រះអង្គឲ្យគាត់ទៅផ្ទះវិញ ដោយមានបន្ទូលថា៖ «ចូរអ្នកកុំចូលទៅក្នុងក្រុងអី»
27. បន្ទាប់មក ព្រះយេស៊ូ និងសិស្សព្រះអង្គ បានចេញទៅភូមិទាំងឡាយដែលនៅជិតក្រុងសេសារាភីលីព ហើយនៅតាមផ្លូវ ព្រះអង្គមានបន្ទូលសួរពួកសិស្សព្រះអង្គថា៖ «តើមនុស្សទាំងឡាយនិយាយថាខ្ញុំជានរណា?»