33. ស្ដ្រីនោះបានដឹងពីអ្វីដែលបានកើតឡើងចំពោះនាង ក៏មកទាំងភ័យញ័រ និងក្រាបនៅចំពោះព្រះអង្គ ហើយទូលប្រាប់ការពិតទាំងស្រុង
34. ព្រះអង្គក៏មានបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងធ្វើឲ្យនាងជាសះស្បើយហើយ ចូរទៅដោយសេចក្ដីសុខសាន្ដ និងជាពីជំងឺរបស់នាងចុះ»។
35. ពេលព្រះអង្គកំពុងតែមានបន្ទូល មានគេមកពីផ្ទះប្រធានសាលាប្រជុំ ប្រាប់ថា៖ «កូនស្រីលោកបានស្លាប់ហើយ តើលោកនៅតែរំខានលោកគ្រូធ្វើអ្វីទៀត?»
36. ប៉ុន្ដែព្រះយេស៊ូមិនខ្វល់ពីពាក្យដែលគេនិយាយនោះទេ ក៏មានបន្ទូលទៅប្រធានសាលាប្រជុំថា៖ «កុំខ្លាចអី គ្រាន់តែជឿប៉ុណ្ណោះបានហើយ»។
37. ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ដើរតាមព្រះអង្គទេ លើកលែងតែលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនលោកយ៉ាកុប។
38. ពេលពួកគេមកដល់ផ្ទះប្រធានសាលាប្រជុំ ព្រះអង្គឃើញភាពជ្រួលច្របល់ និងការទ្រហោយំយ៉ាងខ្លាំង
39. ព្រះអង្គក៏យាងចូល ទាំងមានបន្ទូលទៅគេថា៖ «ហេតុអ្វីក៏អ្នករាល់គ្នាកើតទុក្ខ និងទ្រហោយំដូច្នេះ? ក្មេងនេះមិនទាន់ស្លាប់ទេ នាងកំពុងតែដេកលក់ទេតើ»។
40. ពួកគេក៏សើចចំអកឲ្យព្រះអង្គ ប៉ុន្ដែព្រះអង្គបានបណ្ដេញមនុស្សទាំងអស់ទៅខាងក្រៅ ហើយយកឪពុកម្ដាយរបស់ក្មេងនោះ និងពួកអ្នកដែលនៅជាមួយព្រះអង្គចូលទៅកន្លែងក្មេងនោះនៅ
41. ព្រះអង្គក៏ចាប់ដៃក្មេងនោះទាំងមានបន្ទូលថា៖ «តាលីថាគូមី» មានន័យថា «នាងតូចអើយ ខ្ញុំនិយាយទៅកាន់នាង ចូរក្រោកឡើង»
42. ស្រាប់តែក្មេងស្រីនោះក្រោកឡើង ហើយដើរភ្លាម ព្រោះនាងមានអាយុដប់ពីរឆ្នាំហើយ ពួកគេក៏មានការអស្ចារ្យក្នុងចិត្ដយ៉ាងខ្លាំងភ្លាមៗនោះដែរ
43. ហើយព្រះអង្គបានបង្គាប់ពួកគេយ៉ាងម៉ឺងម៉ាត់ថា កុំឲ្យអ្នកណាដឹងរឿងនេះជាដាច់ខាត និងប្រាប់ពួកគេឲ្យយកអាហារមកឲ្យនាងបរិភោគ។