1. កាលថ្ងៃសប្ប័ទកន្លងផុតទៅ នាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាជាម្ដាយរបស់លោកយ៉ាកុប និងនាងសាឡូមេបានទិញគ្រឿងក្រអូប ដើម្បីយកទៅលាបលើសពព្រះអង្គ
2. នៅព្រឹកព្រលឹមក្នុងថ្ងៃទីមួយនៃសប្ដាហ៍ ពេលថ្ងៃរះ ពួកនាងបានទៅផ្នូរ
3. ហើយពួកនាងបាននិយាយគ្នាថា៖ «តើអ្នកណានឹងប្រមៀលថ្មពីមាត់ច្រកចូលក្នុងផ្នូរឲ្យយើង?»
4. ប៉ុន្ដែពេលសម្លឹងមើលទៅ ពួកនាងឃើញថា ថ្មដ៏ធំនោះត្រូវគេប្រមៀលចេញទៅហើយ
5. ពេលចូលទៅក្នុងផ្នូរ ពួកនាងឃើញអ្នកកំលោះម្នាក់អង្គុយនៅខាងស្ដាំ ពាក់អាវវែងពណ៌ស ពួកនាងក៏ភ័យស្រឡាំងកាំង
6. ប៉ុន្ដែអ្នកនោះប្រាប់ពួកនាងថា៖ «កុំភ័យអី! អ្នករាល់គ្នាកំពុងរកព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែតដែលត្រូវគេឆ្កាងនោះ តែព្រះអង្គបានរស់ឡើងវិញហើយ មិននៅទីនេះទៀតទេ ចូរមើលកន្លែងដែលគេដាក់សពព្រះអង្គចុះ
7. រួចចូរទៅប្រាប់ពួកសិស្ស និងលោកពេត្រុសថា ព្រះអង្គកំពុងទៅស្រុកកាលីឡេមុនអ្នករាល់គ្នាហើយ អ្នករាល់គ្នានឹងជួបព្រះអង្គនៅទីនោះ ដូចដែលព្រះអង្គបានប្រាប់»
8. ពួកនាងបានរត់ចេញពីផ្នូរទាំងភ័យញាប់ញ័រ ហើយមិនបានប្រាប់អ្វីដល់អ្នកណាម្នាក់ទេ ព្រោះពួកនាងខ្លាច។