27. ពួកគេបានឆ្កាងចោរពីរនាក់ជាមួយព្រះអង្គ ម្នាក់នៅខាងស្ដាំ និងម្នាក់ទៀតនៅខាងឆ្វេង
28. [នេះស្របតាមបទគម្ពីរចែងថា៖ «ពួកគេចាត់ទុកព្រះអង្គជាអ្នកល្មើសច្បាប់»]
29. ពួកអ្នកដែលដើរកាត់ទីនោះបានប្រមាថព្រះអង្គ ហើយគ្រវីក្បាលទាំងនិយាយថា៖ «ឱអ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញតែបីថ្ងៃអើយ!
30. ចូរសង្គ្រោះខ្លួនឯង ហើយចុះពីលើឈើឆ្កាងមក»
31. ពួកសម្ដេចសង្ឃជាមួយពួកគ្រូវិន័យក៏ចំអកឲ្យព្រះអង្គជាមួយគ្នាបែបដូច្នោះដែរថា៖ «វាសង្គ្រោះគេបាន ប៉ុន្ដែសង្គ្រោះខ្លួនឯងមិនបានទេ
32. ចូរឲ្យព្រះគ្រិស្ដជាស្ដេចអ៊ីស្រាអែលចុះពីលើឈើឆ្កាងឥឡូវនេះមក ដើម្បីឲ្យយើងឃើញ និងជឿផង» ឯពួកអ្នកដែលជាប់ឆ្កាងជាមួយព្រះអង្គក៏ប្រមាថព្រះអង្គដែរ។
33. លុះដល់ម៉ោងដប់ពីរថ្ងៃត្រង់ ភាពងងឹតបានគ្របដណ្ដប់លើតំបន់នោះទាំងមូលរហូតដល់ម៉ោងបីរសៀល
34. នៅម៉ោងបីរសៀលនោះ ព្រះយេស៊ូបានស្រែកដោយសំឡេងខ្លាំងៗថា៖ «អេឡយៗ ឡាម៉ាសាបាច់ថានី» ដែលប្រែថា៖ «ឱ ព្រះជាម្ចាស់នៃខ្ញុំអើយ! ព្រះជាម្ចាស់នៃខ្ញុំអើយ! ហេតុអ្វីព្រះអង្គបោះបង់ខ្ញុំដូច្នេះ?»
35. អ្នកខ្លះដែលឈរនៅក្បែរនោះបានស្ដាប់ឮ ក៏និយាយថា៖ «មើល៍ គាត់ស្រែករកលោកអេលីយ៉ាហើយ»
36. មានបុរសម្នាក់បានរត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះដាក់នឹងដើមត្រែង រួចហុចទៅឲ្យព្រះអង្គផឹកដោយនិយាយថា៖ «ចូរយើងកុំធ្វើអីគាត់ ចាំមើលថាតើលោកអេលីយ៉ាមកដោះគាត់ចុះដែរឬអត់»