26. ហើយមានចំណារសរសេរកាត់ទោសព្រះអង្គថា «ស្ដេចរបស់ជនជាតិយូដា»
27. ពួកគេបានឆ្កាងចោរពីរនាក់ជាមួយព្រះអង្គ ម្នាក់នៅខាងស្ដាំ និងម្នាក់ទៀតនៅខាងឆ្វេង
28. [នេះស្របតាមបទគម្ពីរចែងថា៖ «ពួកគេចាត់ទុកព្រះអង្គជាអ្នកល្មើសច្បាប់»]
29. ពួកអ្នកដែលដើរកាត់ទីនោះបានប្រមាថព្រះអង្គ ហើយគ្រវីក្បាលទាំងនិយាយថា៖ «ឱអ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញតែបីថ្ងៃអើយ!
30. ចូរសង្គ្រោះខ្លួនឯង ហើយចុះពីលើឈើឆ្កាងមក»
31. ពួកសម្ដេចសង្ឃជាមួយពួកគ្រូវិន័យក៏ចំអកឲ្យព្រះអង្គជាមួយគ្នាបែបដូច្នោះដែរថា៖ «វាសង្គ្រោះគេបាន ប៉ុន្ដែសង្គ្រោះខ្លួនឯងមិនបានទេ
32. ចូរឲ្យព្រះគ្រិស្ដជាស្ដេចអ៊ីស្រាអែលចុះពីលើឈើឆ្កាងឥឡូវនេះមក ដើម្បីឲ្យយើងឃើញ និងជឿផង» ឯពួកអ្នកដែលជាប់ឆ្កាងជាមួយព្រះអង្គក៏ប្រមាថព្រះអង្គដែរ។
33. លុះដល់ម៉ោងដប់ពីរថ្ងៃត្រង់ ភាពងងឹតបានគ្របដណ្ដប់លើតំបន់នោះទាំងមូលរហូតដល់ម៉ោងបីរសៀល
34. នៅម៉ោងបីរសៀលនោះ ព្រះយេស៊ូបានស្រែកដោយសំឡេងខ្លាំងៗថា៖ «អេឡយៗ ឡាម៉ាសាបាច់ថានី» ដែលប្រែថា៖ «ឱ ព្រះជាម្ចាស់នៃខ្ញុំអើយ! ព្រះជាម្ចាស់នៃខ្ញុំអើយ! ហេតុអ្វីព្រះអង្គបោះបង់ខ្ញុំដូច្នេះ?»
35. អ្នកខ្លះដែលឈរនៅក្បែរនោះបានស្ដាប់ឮ ក៏និយាយថា៖ «មើល៍ គាត់ស្រែករកលោកអេលីយ៉ាហើយ»
36. មានបុរសម្នាក់បានរត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះដាក់នឹងដើមត្រែង រួចហុចទៅឲ្យព្រះអង្គផឹកដោយនិយាយថា៖ «ចូរយើងកុំធ្វើអីគាត់ ចាំមើលថាតើលោកអេលីយ៉ាមកដោះគាត់ចុះដែរឬអត់»
37. ព្រះយេស៊ូក៏ស្រែកយ៉ាងខ្លាំង ហើយបានផុតដង្ហើមទៅ
38. ពេលនោះវាំងនននៅក្នុងព្រះវិហារក៏រហែកជាពីរ ចាប់ពីលើរហូតដល់ក្រោម
39. កាលនាយទាហានម្នាក់ដែលឈរនៅជិតទល់មុខនឹងព្រះអង្គ បានឃើញព្រះអង្គបានផុតដង្ហើមយ៉ាងដូច្នេះ ក៏និយាយថា៖ «បុរសនេះជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន»
40. មានស្ដ្រីខ្លះបានសម្លឹងមើលពីចម្ងាយ ក្នុងចំណោមនោះមានទាំងនាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាជាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងនាងសាឡូមេដែរ
41. ស្ដ្រីទាំងនោះជាអ្នកតាមបម្រើព្រះអង្គ កាលព្រះអង្គនៅក្នុងស្រុកកាលីឡេ ហើយស្ដ្រីច្រើននាក់ផ្សេងទៀត ជាអ្នកបានឡើងមកក្រុងយេរូសាឡិមជាមួយព្រះអង្គ។
42. ថ្ងៃនោះជាថ្ងៃរៀបចំសម្រាប់ថ្ងៃសប្ប័ទ គឺមុនថ្ងៃសប្ប័ទមួយថ្ងៃ ហើយនៅល្ងាចនោះ
43. លោកយ៉ូសែបនៅក្រុងអើរីម៉ាថេ ជាសមាជិកឆ្នើមក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ និងជាអ្នកដែលរង់ចាំនគរព្រះជាម្ចាស់ បានទៅជួបលោកពីឡាត់យ៉ាងក្លាហាន ហើយសុំយកសពព្រះយេស៊ូ