1. លុះព្រលឹមឡើងភ្លាម កាលពួកសម្ដេចសង្ឃ ពួកចាស់ទុំ ពួកគ្រូវិន័យបានពិគ្រោះគ្នាជាមួយនឹងក្រុមប្រឹក្សាកំពូលទាំងមូលរួចហើយ ក៏ចងព្រះយេស៊ូនាំទៅប្រគល់ឲ្យលោកពីឡាត់
2. លោកពីឡាត់សួរព្រះអង្គថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាឬ?» ព្រះអង្គឆ្លើយថា៖ «លោកនិយាយត្រូវហើយ!»
3. ពួកសម្ដេចសង្ឃក៏ចោទប្រកាន់ព្រះអង្គពីរឿងជាច្រើន
4. លោកពីឡាត់សួរព្រះអង្គម្ដងទៀតថា៖ «តើអ្នកគ្មានអ្វីត្រូវឆ្លើយទេឬ? មើលគេចោទប្រកាន់អ្នកច្រើនណាស់»
5. ប៉ុន្ដែព្រះយេស៊ូមិនបានឆ្លើយអ្វីទេ ធ្វើឲ្យលោកពីឡាត់ងឿងឆ្ងល់។
6. រៀងរាល់ថ្ងៃបុណ្យ គាត់ធ្លាប់ដោះលែងអ្នកទោសម្នាក់ តាមដែលពួកគេសុំ
7. មានមនុស្សម្នាក់ឈ្មោះបារ៉ាបាសដែលគេចាប់ចងជាមួយនឹងក្រុមបះបោរ គាត់ជាអ្នកសម្លាប់មនុស្សក្នុងការបះបោរនោះ
8. ដូច្នេះ បណ្ដាជនក៏ចាប់ផ្ដើមទៅសុំលោកពីឡាត់ឲ្យដោះលែងអ្នកទោស ដូចដែលគាត់ធ្លាប់ធ្វើសម្រាប់ពួកគេ
9. ប៉ុន្ដែលោកពីឡាត់ឆ្លើយទៅគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្ដេចរបស់ជនជាតិយូដាដល់អ្នករាល់គ្នាវិញទេ?»
10. ព្រោះគាត់ដឹងថា ពួកសម្ដេចសង្ឃប្រគល់ព្រះអង្គឲ្យគាត់ ដោយព្រោះសេចក្ដីឈ្នានីស
11. ប៉ុន្ដែពួកសម្ដេចសង្ឃបានញុះញង់បណ្ដាជនឲ្យសុំគាត់ដោះលែងបារ៉ាបាសឲ្យពួកគេវិញ