29. ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «បញ្ញត្ដិទីមួយគឺ ចូរស្ដាប់ចុះអ៊ីស្រាអែលអើយ ព្រះអម្ចាស់ជាព្រះរបស់យើង ជាព្រះអម្ចាស់តែមួយគត់
30. អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្ដ អស់ពីគំនិត អស់ពីព្រលឹង និងអស់ពីកម្លាំងអ្នក
31. រីឯបញ្ញត្ដិទីពីរគឺ អ្នកត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចជាខ្លួនអ្នក គ្មានបញ្ញត្ដិណាធំជាងបញ្ញត្ដិទាំងពីរនេះទៀតទេ»
32. គ្រូវិន័យនោះទូលព្រះអង្គថា៖ «លោកគ្រូ ជាការពិត និងត្រឹមត្រូវណាស់ ដែលលោកនិយាយថា ព្រះជាម្ចាស់មានតែមួយអង្គគត់ ហើយគ្មានព្រះឯណាទៀតក្រៅពីព្រះអង្គឡើយ
33. ហើយឲ្យស្រឡាញ់ព្រះអង្គអស់ពីចិត្ដ អស់ពីប្រាជ្ញា អស់ពីព្រលឹង និងអស់ពីកម្លាំង និងឲ្យស្រឡាញ់អ្នកជិតខាងឲ្យដូចជាខ្លួនឯងនោះ ប្រសើរជាងតង្វាយដុត និងយញ្ញបូជាទាំងអស់ទៅទៀត»។
34. កាលព្រះយេស៊ូឃើញគាត់ឆ្លើយយ៉ាងឈ្លាសវៃដូច្នេះ ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «អ្នកនៅមិនឆ្ងាយពីនគរព្រះជាម្ចាស់ទេ» រួចគ្មាននរណាហ៊ានសួរសំណួរព្រះអង្គទៀតទេ។
35. ព្រះយេស៊ូមានបន្ទូលនៅពេលបង្រៀននៅក្នុងព្រះវិហារថា៖ «តើហេតុដូចម្ដេចបានជាពួកគ្រូវិន័យនិយាយថា ព្រះគ្រិស្ដជាពូជពង្សដាវីឌដូច្នេះ?
36. ព្រោះដាវីឌផ្ទាល់បាននិយាយដោយព្រះវិញ្ញាណបរិសុទ្ធថា ព្រះអម្ចាស់បានមានបន្ទូលមកកាន់ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើងរហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នកនៅក្រោមជើងរបស់អ្នក
37. ដូច្នេះ បើដាវីឌហៅព្រះអង្គថាជាព្រះអម្ចាស់ នោះព្រះអង្គជាពូជពង្សដាវីឌយ៉ាងដូចម្ដេច?» មនុស្សច្រើនកុះករបានស្ដាប់ព្រះអង្គ ដោយសប្បាយរីករាយ
38. ហើយក្នុងសេចក្ដីបង្រៀននោះ ព្រះអង្គមានបន្ទូលថា៖ «ចូរប្រយ័ត្ននឹងពួកគ្រូវិន័យ ដែលចូលចិត្ដពាក់អាវវែង ដើរចុះដើរឡើងឲ្យគេគោរពនៅតាមទីប្រជុំជន
39. ហើយចូលចិត្ដអង្គុយមុខគេក្នុងសាលាប្រជុំ ព្រមទាំងនៅកន្លែងកិត្ដិយសក្នុងពិធីជប់លៀង
40. ពួកគេបំផ្លាញទ្រព្យសម្បត្ដិរបស់ស្ដ្រីមេម៉ាយ ហើយធ្វើពុតអធិស្ឋានយ៉ាងយូរ។ អ្នកទាំងនោះនឹងទទួលទោសធ្ងន់ធ្ងរជាងគេ»។
41. ពេលព្រះយេស៊ូអង្គុយនៅទល់មុខហិបតង្វាយ និងមើលរបៀបដែលបណ្ដាជនដាក់កាក់ទៅក្នុងហិបតង្វាយ ហើយមានអ្នកមានជាច្រើនបានដាក់កាក់យ៉ាងច្រើនចូលទៅក្នុងនោះ
42. ហើយមានស្ដ្រីមេម៉ាយក្រីក្រម្នាក់មកដល់ គាត់បានដាក់កាក់តែពីរឡិបតា ដែលស្មើនឹងមួយកូដ្រានប៉ុណ្ណោះ
43. ព្រះយេស៊ូហៅពួកសិស្សរបស់ព្រះអង្គមក និងមានបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្ដ្រីមេម៉ាយក្រីក្រម្នាក់នេះ បានដាក់តង្វាយច្រើនជាងអ្នកទាំងអស់ដែលបានដាក់តង្វាយក្នុងហិបតង្វាយនេះទៅទៀត